(បរទេស)៖ «បច្ចុប្បន្ននេះ ប្រទេសចំណូលខ្ពស់បានចាក់វ៉ាក់សាំងចំនួនជិត ៤៤ភាគរយនៃបរិមាណសរុបរបស់វ៉ាក់សាំងជំងឺកូវីដ១៩ នៅលើពិភពលោកទាំងមូល រីឯប្រទេសចំណូលទាបវិញគ្រាន់តែចាក់វ៉ាក់សាំង ០.៤ភាគរយនៃបរិមាណសរុបតែប៉ុណ្ណោះ »។ ក្នុងសន្និសីទសារព័ត៌មាន ដែលបើកធ្វើនៅថ្ងៃទី៧ ខែមិថុនា តាមម៉ោងក្នុងតំបន់ លោក Tedros អគ្គនាយកនៃអង្គការសុខភាពពិភពលោក បានបង្ហាញពីតួលេខដែលមានភាពផ្ទុយស្រឡះទាំងពីរនេះ។

ពិតមែនតែលោកមិនបានបង្ហាញពីឈ្មោះ របស់ប្រទេសទាំងនោះក៏ដោយ ក៏ប៉ុន្តែអ្នកផងទាំងពួងសុទ្ធតែដឹងហើយថា ប្រទេសចំណូលខ្ពស់នេះគឺអាមេរិកហ្នឹងឯង។ នាពេលមុននេះមិនជាយូរប៉ុន្មាន អាមេរិកបានសន្យាថា មុននឹងចុងខែមិថុនា នឹងដឹកជញ្ជូនវ៉ាក់សាំងជំងឺកូវីដ១៩ចំនួន ៨០លានដូសទៅកាន់បរទេស។ ប៉ុន្តែគិតរហូតដល់បច្ចុប្បន្ននៅមិនទាន់បានឃើញ ប្រតិបតិ្តការជាក់ស្តែងរបស់អាមេរិកនៅឡើយ។ តើពាក្យសន្យានេះគ្រាន់តែជាការលេងល្បែងនយោបាយ និងគ្មានប្រតិបតិ្តការជាក់ស្តែងម្តងទៀតមែនទេ?

ខណៈពេលទើបចាប់ផ្តើមផ្សព្វផ្សាយការចាក់វ៉ាក់សាំង ដោយពឹងផ្អែកទៅលើការមានសិទ្ធិម្ចាស់ការ ក្នុងការសិក្សាស្រាវជ្រាវ និងអភិវឌ្ឍ ក៏ដូចជាការបញ្ជាទិញវ៉ាក់សាំង អាមេរិកបានស្តុកទុកវ៉ាក់សាំងជំងឺកូវីដ១៩ ដែលមានចំនួនលើសពីតម្រូវការរបស់ខ្លួនយ៉ាងច្រើន។ បន្ទាប់ពីការងារចាក់វ៉ាក់សាំង ទទួលបានការវិវឌ្ឃរីកចម្រើនខ្លះ អ្នកនយោបាយអាមេរិកមួយចំនួន ទើបប្រកាសអ្វីដែលហៅថា “ផែនការផ្តល់ជំនួយជាវ៉ាក់សាំង” ដើម្បីកែលម្អរូបភាពជាតិរបស់ខ្លួន និងដាក់សម្ពាធទៅលើប្រទេសចិន លើមូលដ្ឋាននៃការគិតពិចារណាពីភូមសាស្ត្រនយោបាយ។

ការផ្តល់ជំនួយជាវ៉ាក់សាំងជាគុណធម៌អន្តរជាតិ តែមិនមែនជាអាវុធខាងនយោបាយនោះទេ។ សហគមន៍អន្តរជាតិបានមើលឃើញយ៉ាងច្បាស់ថា បើប្រៀបធៀបនឹងការលេងល្បែងនយោបាយ ក្នុងការផ្តល់ជំនួយជាវ៉ាក់សាំងរបស់អាមេរិក ការរួមចំណែករបស់ប្រទេសចិន ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ជាសកល ទើបជាការប្រតិបតិ្តយ៉ាងប្រាកដប្រជា។

គិតរហូតដល់បច្ចុប្បន្ននេះ ប្រទេសចិនបានផ្តល់ជំនួយជាវ៉ាក់សាំង ដល់ប្រទេសកំពុងអភិវឌ្ឍន៍ដែលត្រូវការវ៉ាក់សាំងជាបន្ទាន់ចំនួនជាង ៨០ បាននាំចេញវ៉ាក់សាំងទៅកាន់ប្រទេសជាង ៤០ បានផ្គត់ផ្គង់វ៉ាក់សាំងសរុបលើសពី ៣៥០លានដូសដល់ពិភពលោកទាំងមូល។ កាសែត «Nanyang Business Daily »នៃប្រទេសម៉ាឡេស៊ី បានវាយតម្លៃថា ប្រទេសចិនបានការពារសុវតិ្ថភាពអាយុជីវិត តាមរយៈការអនុវត្តជាក់ស្តែង។

មជ្ឈដ្ឋានខាងក្រៅបានចាប់អារម្មណ៍ថា មុននឹងចេញដំណើរទៅធ្វើទស្សនកិច្ចនៅអឺរ៉ុប លោក បៃដិន ប្រធានាធិបតីអាមេរិកបានចុះផ្សាយអត្ថបទលើកាសែត «The Washington Post» ដោយបានអះអាងថា «ការបញ្ចប់ការរីករាលដាលនៃជំងឺឆ្លងលើកនេះ និងបង្កើនសនិ្តសុខសុខភិបាលនៃបណ្តាប្រទេសនានា ក៏ដូចជាជំរុញសេដ្ឋកិច្ចសកលឱ្យងើបឡើងវិញ ជាភារកិច្ចចម្បងរបស់អាមេរិក»។ បើពាក្យសំដីនេះមិនមែននិយាយតែមាត់ នោះសុំក្រុងវ៉ាស៊ីនតោន ចាត់ប្រតិបតិ្តការជាក់ស្តែងក្នុងបញ្ហាចែកចាយវ៉ាក់សាំង ដែលជាបញ្ហាបន្ទាន់បំផុតនៅលើពិភពលោក។ បើប្រៀបធៀបនឹងការលេងល្បែងនយោបាយ ពិភពលោកកាន់តែត្រូវការ ប្រតិបតិ្តការជាក់ស្តែងរបស់អាមេរិក៕ (#CCFRComment#)