(មែលប៊ឺន)៖ វិធានការបិទខ្ទប់ររយៈពេល ០២សប្តាហ៍របស់ទីក្រុងមែលប៊ឺន (Melbourne) នឹងត្រូវបន្ធូរបន្ថយ ខណៈអាជ្ញាធរនៅក្នុងទីក្រុងនេះដែលមានប្រជាជន ច្រើនបំផុតទី២ របស់ប្រទេសអូស្រ្តាលីមួយនេះ កំពុងធ្វើឱ្យការឆ្លងជាចង្កោមជំងឺ COVID-19 ស្ថិតនៅក្រោមការគ្រប់គ្រង។ នេះបើយោងតាមការចេញផ្សាយ ដោយសារព័ត៌មានអាមេរិក Bloomberg នៅថ្ងៃពុធ ទី០៩ ខែមិថុនា ឆ្នាំ២០២១។

ថ្នាក់ដឹកនាំនៃរដ្ឋវិចតូរៀ (Victoria) លោក James Merlino បានគូសបញ្ជាក់ប្រាប់អ្នកសារព័ត៌មាននៅថ្ងៃពុធនេះថា បទបញ្ជាឱ្យស្នាក់នៅផ្ទះរបស់ទីក្រុង នឹងត្រូវដកចេញនៅថ្ងៃសុក្រសប្ដាហ៍នេះ រី ឯហាងលក់ឥវ៉ាន់ និងសាលារៀននឹងបើកដំណើរការឡើងវិញសារជាថ្មី ហើយការជួបជុំនៅខាងក្រៅ នឹងត្រូវបានអនុញ្ញាតដោយកំណត់ចំនួនមនុស្សច្រើនបំផុត ១០នាក់។

លោក James Merlino បានគូសបញ្ជាល់ប្រាប់បន្ថែមថា «នេះគឺជាថ្ងៃដ៏ល្អរបស់យើងដែលរដ្ឋរបស់យើងកំពុងស្ថិតនៅលើផ្លូវដើម្បីប្រកាសពីការបន្ធូរបន្ថយ ការរឹតបន្តឹងបន្ថែមទៀតនៅសប្តាហ៍ក្រោយ។ អ្នករាល់គ្នាគួរតែមានមោទនភាពចំពោះអ្វីដែលយើងបានសម្រេចរួមគ្នា»

គួរបញ្ជាក់ថា ប្រជាជនចំនួន ៥លាននាក់នៅក្នុងទីក្រុងមែលប៊ឺន ត្រូវបង្ខំចិត្តស្ថិតនៅក្នុងការបិទខ្ទប់ ០៤ដងមកហើយគិតចាប់តាំងពីមានការឆ្លងរាតត្បាតនៃជំងឺ COVID-19 នេះដែលបានបំផ្លិចបំផ្លាញវិស័យឧស្សាហកម្មទេសចរណ៍ និងការលក់ឥវ៉ាន់ជាច្រើន ព្រោះរដ្ឋនិងដែនដីដទៃទៀតបានហាមឃាត់ ការធ្វើដំណើរទៅ-មកពីរដ្ឋ Victoria នេះ៕