(វ៉ាស៉ីនតោន)៖ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុប ១៣,៥៤២នាក់នាក់ទៀតបានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ ៤០១នាក់បានស្លាប់នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ទិន្នន័យ ចេញពីគេហទំព័រ Worldometers នាព្រឹកថ្ងៃពុធ ទី០៩ ខែមិថុនា ឆ្នាំ២០២១។

ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិក កើនឡើងដល់ ៣៤,២៤២,៨៦៦ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៦១៣,០៥២នាក់ និងជាសះស្បើយឡើងសរុប ២៨,២២០,៨៦៣លាននាក់។ សម្រាប់ចំនួនប្រជាជនសរុប ដែលកំពុងរស់នៅលើទឹកដីសហរដ្ឋអាមេរិក គឺជាង ៣៣២លាននាក់។

នៅថ្ងៃអង្គារសប្តាហ៍នេះ អ្នកជំនាញបានមើលឃើញថា សហរដ្ឋអាមេរិកទំនងជាមិនអាច ឈានដល់គោលដៅតាមការចង់បានរបស់លោក ចូ បៃដិន ក្នុងការចាក់វ៉ាក់សាំងជូនដល់ជនជាតិអាមេរិក ឱ្យបានប្រមាណ ៧០ភាគរយនៅតាមរដ្ឋនីមួយៗនៅត្រឹមថ្ងៃទី០៤ ខែកក្កដាខាងមុខនេះទេ។ រដ្ឋបាលរបស់លោក ចូ បៃដិន បានអះអាងថា ទោះបីជាគោលមិនត្រូវបានសម្រេចក៏ដោយ ក៏វានឹងមានផលប៉ះពាល់តិចតួចបំផុត ដល់ការងើបឡើងវិញរបស់សហរដ្ឋអាមេរិកទាំងមូល ដែលកំពុងឈានទៅមុខជាបន្តបន្ទាប់ រួចទៅហើយនោះដែរ។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១ សហរដ្ឋអាមេរិកបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សរុបជាង ៣០៣លានដូសហើយ ជូនដល់ប្រជាជនទូទាំងប្រទេស ក្នុងនោះមនុស្សសរុប ១៧១.៣១លាននាក់ (៥២.២%នៃចំនួនប្រជាជនសរុប) បានទទួលការចាក់យ៉ាងហោចណាស់ ១ដូស និងជិត ១៤០លាននាក់ (៤២.៦% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស៕