(ប៉េកាំង)៖ ការងារជំនាញឯកទេសត្រូវទុកឱ្យអ្នកជំនាញធ្វើ នេះគឺជាចំណេះដឹងទូទៅ។ ប៉ុន្តែលើបញ្ហាស្វែងរកប្រភពដើមនៃវីវុរសកូវីដ១៩ ដែលជាបញ្ហាវិទ្យាសាស្រ្តដ៏ម៉ឺងម៉ាត់និងស្មុគស្មាញ អ្នកនយោបាយនិងប្រព័ន្ធសារព័ត៌មានមួយចំនួន នៃសហរដ្ឋអាមេរិកបែរជាប៉ុនប៉ងប្រើទោសាគតិខាងនយោបាយ ជ្រៀតជ្រែកការសិក្សាស្រាវជ្រាវខាងវិទ្យាសាស្រ្ត ប្រើពាក្យកុហកទៅមួលបង្កាច់ការពិតទៅវិញ។ ទង្វើបែបនេះបានរំខានយ៉ាងខ្លាំងដល់ កិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងការស្វែងរកប្រភពដើមនៃវីរុស ប៉ះពាល់ដល់ផលប្រយោជន៍រួមរបស់មនុស្សជាតិ ។

ការស្វែងរកប្រភពដើមនៃវីរុសគួរតែអាស្រ័យលើ ភស្តុតាងខាងវិទ្យាសាស្រ្ត ធ្វើការត្រួតពិនិត្យនិងសិក្សាស្រាវជ្រាវដោយ អ្នកវិទ្យាសាស្រ្តនិងអ្នកជំនាញវេជ្ជសាស្រ្ត ក្នុងក្របខណ្ឌសកលក្រោមការដឹកនាំរបស់ អង្គការសុខភាពពិភពលោក។
ប្រទេសចិនបានរួមសហការជាមួយអង្គការសុខភាពពិភពលោក ធ្វើការសិក្សាស្រាវជ្រាវនិងស្វែងរកប្រភពដើម នៃវីរុសមុនគេដោយឈរលើការពិត និងការគោរពវិទ្យាសាស្រ្ត ដែលបានដើរតួនាទីនាំមុខដោយប្រតិបត្តិការជាក់ស្តែង។

អ្នកជំនាញអន្តរជាតិនៃក្រុមការងារវេជ្ជសាស្រ្ត បានវាយតម្លៃជាវិជ្ជមានចំពោះប្រទេសចិន ដែលបានប្រកាន់អាកប្បកិរិយាបើកចំហ មានតម្លាភាព និងមានទំនួលខុសត្រូវ។ ក្នុងរបាយការណ៍សិក្សាស្រាវជ្រាវ ក្រុមការងារចម្រុះបានធ្វើការវាយតម្លៃពីហានិភ័យលើ លទ្ធភាពនៃវិធីចម្លងទៅមនុស្សចំនួន៤ ដែលបង្ហាញឱ្យឃើញថា គ្មានលទ្ធភាពចម្លងទៅមនុស្សតាមរយៈបន្ទប់ពិសោធន៍នោះទេ។

អ្នកនយោបាយនិងប្រព័ន្ធសារព័ត៌មានមួយចំនួន នៃសហរដ្ឋអាមេរិកបានបន្តបង្ករឿងថា វីរុសធ្លាយចេញពីបន្ទប់ពិសោធន៍ តែគ្មានភស្តុតាងអ្វីសោះ។ លោកវេជ្ជបណ្ឌិត ហ៊ូម ហ្វេលដ៍ អ្នកជំនាញផ្នែកជំងឺឆ្លងនៃសហរដ្ឋអាមេរិក បានលើកឡើងថា ការធ្វើឱ្យបញ្ហាវិទ្យាសាស្រ្តទៅជាបញ្ហានយោបាយ គ្មានផលប្រយោជន៍នោះទេ ក្នុងការស្វែងរកប្រភពដើមនៃវីរុសកូវីដ ១៩ ហើយវានឹងបង្កជាការមន្ទិលសង្ស័យ និងការមិនជឿទុកចិត្តលើគ្នា។ ក្នុងដំណើរស្វែងរកប្រភពដើមនៃវីរុស អ្វីដែលមិនគោរពតាមស្មារតីវិទ្យាសាស្រ្ត សុទ្ធតែជាអំពើដែលគ្មានការទទួលខុសត្រូវ ចំពោះមនុស្សជាតិនិងប្រវត្តិសាស្រ្ត៕