(សាន់ត្យាហ្គោ)៖ រដ្ឋាភិបាលឈីលី (ស៊ីលី) បានប្រកាសផ្អាកជាបណ្ដោះអាសន្ន នូវការចាក់វ៉ាក់សាំងបង្ការ COVID-19 របស់ក្រុមហ៊ុន AstraZeneca សម្រាប់មនុស្សមានអាយុ «ក្រោម ៤៥ឆ្នាំ» បន្ទាប់ពីមានសេចក្ដីរាយការណ៍ អំពីបញ្ហាកំណកឈាមដ៏កម្រ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅព្រឹកថ្ងៃសុក្រ ទី០៤ ខែមិថុនា ឆ្នាំ២០២១។

នៅក្នុងសេចក្ដីប្រកាសព័ត៌មាន ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ក្រសួងសុខាភិបាលឈីលីបានឱ្យដឹងថា កាលពីថ្ងៃទី០១ ខែមិថុនា ខ្លួនទទួលបានព័ត៌មានអំពីបុរសម្នាក់អាយុ ៣១ឆ្នាំ បានចាក់វ៉ាក់សាំង AstraZeneca រួចហើយស្រាប់តែមានបញ្ហាកំណកឈាមយ៉ាងកម្រ។ ដូច្នេះជាវិធានការបង្ការ ក្រសួងបានសម្រេចចិត្តឲ្យបន្តការចាក់វ៉ាក់សាំង AstraZeneca ជូនមនុស្សដែលមានអាយុ ៤៥ឆ្នាំឡើងទៅតែប៉ុណ្ណោះ ហើយមនុស្សអាយុក្រោមនេះ ត្រូវផ្អាកជាបណ្តោះអាសន្ន។

គួរបញ្ជាក់ថា មកទល់នឹងពេលនេះ ប្រទេសឈីលីដែលមានប្រជាជនសរុបជិត ២០លាននាក់ បានចាក់វ៉ាក់សាំងបង្ការ COVID-19 ជូនប្រជាជនរបស់ខ្លួនបានច្រើនជាង ១០.៩លាននាក់ហើយ ក្នុងនោះមាន ៨.១លាននាក់ទទួលបានការចាក់វ៉ាក់សាំងគ្រប់ដូស ឬ ២ដូស។ សម្រាប់ស្ថានការណ៍ COVID-19 វិញ គិតត្រឹមថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ឈីលីមានអ្នកឆ្លងសរុបជាង ១,៤០០,០០០នាក់ ក្នុងនោះស្លាប់ជិត ៣០,០០០នាក់ និងជាសះស្បើវិញជាង ១,៣២៧,០០០នាក់៕