(ហូជីមិញ)៖ ទីក្រុងហូជីមិញរបស់ប្រទេសវៀតណាម មានផែនការធ្វើតេស្ដរក COVID-19 ជាលក្ខណៈទ្រង់ទ្រាយធំ ដែលនឹងប្រមូលសំណាកឱ្យបាន ១០០,០០០នាក់ក្នុងរយៈពេលមួយថ្ងៃ នៅទូទាំងទីក្រុងមួយនេះ។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីសារព័ត៌មានវៀតណាម VN Express នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០៣ ខែមិថុនា ឆ្នាំ២០២១។

ការប្រកាសពីផែនការធ្វើតេស្ដទ្រង់ទ្រាយធំខាងលើ ធ្វើឡើងក្រោយកិច្ចប្រជុំបន្ទាន់មួយស្ដីពីវិបត្តិ COVID-19 កាលពីចុងសប្ដាហ៍មុន។ ផែនការនេះនឹងផ្ដោត ជាសំខាន់លើការធ្វើតេស្ដលើសមាជិក នៃបេសកកម្មសាសនាគ្រិស្តមួយ និងប្រជាជនដែលបានចូលរួមក្នុងការបោះឆ្នោតសភា និងក្រុមប្រឹក្សាប្រជាជនកាលពីថ្ងៃអាទិត្យសប្ដាហ៍មុន។

ដោយឡែកបុគ្គលិក ឬកម្មករក្នុងតំបន់ឧស្សាហកម្មចំនួន ១៧ ក្នុងទីក្រុងហូជីមិញ ដែលមានក្រុមហ៊ុនចំនួន ១,៥០០នាក់ មានបុគ្គលិកជាង ២៨០,០០០នាក់ និងអ្នកជំនាញ ៣,០០០នាក់ក៏នឹងស្ថិតនៅក្រោមការធ្វើតេស្តផងដែរ។

គួរបញ្ជាក់ថា ទីក្រុងហូជីមិញមានប្រជាជនរស់នៅសរុបជាង ១៣លាននាក់ ក្នុងនោះរួមមានទាំងពលករចំណាកស្រុកផងដែរ ហើយមកទល់នឹងបច្ចុប្បន្ន មនុស្សសរុប ៤,០០០នាក់ហើយ នៅក្នុងទីក្រុងភាគខាងត្បូងវៀតណាមមួយនេះ ត្រូវបានដាក់ឱ្យនៅក្រោមការធ្វើចត្តាឡីស័ក៕