(វ៉ាស៉ីនតោន)៖ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុប ១២,៩៧៦នាក់នាក់ទៀតបានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ ២៨៧នាក់បានស្លាប់នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ទិន្នន័យ ចេញពីគេហទំព័រ Worldometers នាព្រឹកថ្ងៃពុធ ទី០២ ខែមិថុនា ឆ្នាំ២០២១។

ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ៣៤,១៣៦,៧៣៨ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៦១០,៤៣៦នាក់ និងជាសះស្បើយឡើងសរុប ២៧,៩៤០,៩១៨នាក់។ សម្រាប់ចំនួនប្រជាជនសរុប ដែលកំពុងរស់នៅលើទឹកដីសហរដ្ឋអាមេរិកគឺជាង ៣៣២លាននាក់។

ដោយមើលអត្រាឆ្លង និងស្លាប់ដោយសារ COVID-19 ធ្លាក់ចុះជាបន្តបន្ទាប់ រដ្ឋកាន់តែច្រើននៅសហរដ្ឋអាមេរិក កំពុងត្រៀមបើកទ្វារទាំងស្រុងឡើងវិញ។ តែពួកគេក៏កំពុងលើកទឹកចិត្ត ឲ្យប្រជាជនមកចូលរួមទទួល ការចាក់វ៉ាក់សាំងបង្ការ COVID-19 ផងដែរ ដោយសារតែអត្រានៃការចាក់បានធ្លាក់ចុះ។ កន្លងមកនេះ សហរដ្ឋអាមេរិកបានអនុម័តឲ្យមនុស្សវ័យចាប់ពី ១២ឆ្នាំឡើងទៅ អាចទទួលការចាក់វ៉ាក់សាំង។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១ សហរដ្ឋអាមេរិកបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សរុបជាង ២៩៥លានដូសហើយ ជូនដល់ប្រជាជនទូទាំងប្រទេស ក្នុងនោះមនុស្សសរុបជិត ១៦៧.៧៣លាននាក់ (៥១.១%នៃចំនួនប្រជាជនសរុប) បានទទួលការចាក់យ៉ាងហោចណាស់ ១ដូស និង ១៣៥.១លាននាក់ (៤១.២% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស៕