(បាងកក)៖ សកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យដ៏លេចធ្លោពីររូបនៅក្នុងប្រទេសថៃ ទទួលបានការអនុញ្ញាតឱ្យនៅក្រៅឃុំជាបណ្ដោះអាសន្ននៅថ្ងៃអង្គារនេះ ប៉ុន្មានសប្ដាហ៍ បន្ទាប់ពីពួកគេបានឆ្លង COVID-19 ក្នុងពន្ធនាគារ និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី០១ ខែមិថុនា ឆ្នាំ២០២១។

សកម្មជនប្រជាធិបតេយ្យ លោក Panupong Jadnok និងមេធាវីការពារសិទ្ធិមនុស្ស លោក Anon Nampa កំពុងប្រឈមមុខនឹងបទចោទប្រកាន់ជាច្រើនករណីក្រោមច្បាប់ ប្រមាថព្រះចេស្ដាព្រះមហាក្សត្រថៃ។ តុលាការព្រហ្មទណ្ឌថៃមួយបានសម្រេចចិត្តអនុញ្ញាតឱ្យលោក Panupong និងលោក Anon នៅក្រៅឃុំជាបណ្ដោះអាសន្ន នៅពេលចាកចេញពីមន្ទីរពេទ្យ Thammasat University Hospital នៅក្នុងថ្ងៃអង្គារនេះ។ អ្នកទាំង២ត្រូវតម្កល់ទុកប្រាក់ក្នុងម្នាក់ ៦,៥០០ដុល្លារ និងហាមមិនឱ្យចាកចេញពីប្រទេស ឬធ្វើសកម្មភាពណាមួយពាក់ព័ន្ធនឹងការប្រមាថព្រះចេស្ដានោះឡើយ។

គួរបញ្ជាក់ថា លោក Anon បានជាប់ឃុំអស់រយៈពេលច្រើនជាង ១០០ថ្ងៃហើយ រីឯលោក Panupong ជាប់ឃុំ៨៥ថ្ងៃ ខណៈសកម្មជនសិទ្ធិមនុស្សម្នាក់ទៀតឈ្មោះ Chukiat Saengwon ក៏ត្រូវបានគេរំពឹងថានឹងទទួលបានការអនុញាតឱ្យនៅក្រៅឃុំនៅថ្ងៃអង្គារនេះដែរ៕