(ហាណូយ)៖ វៀតណាមកំពុងបន្តព្យាយាមទិញបច្ចេកវិទ្យាផលិតវ៉ាក់សាំង COVID-19 ហើយចង់បង្កើតមូលដ្ឋានមួយ ដើម្បីផ្គត់ផ្គង់វ៉ាក់សាំងដល់ កម្មវិធីចែកចាយវ៉ាក់សាំងអន្តរជាតិ COVAX ស្របពេលដែលប្រទេសអាស៊ានមួយនេះ ខំប្រឹងស្វះស្វែងរកវ៉ាក់សាំង ដើម្បីទប់ទល់ការឆ្លងរាតត្បាតនៃជំងឺ COVID-19 ដែលបច្ចុប្បន្នហាក់កំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរមួយ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នៅល្ងាចថ្ងៃអង្គារ ទី០១ ខែមិថុនា ឆ្នាំ២០២១។

ក្រោយជំនួបមួយជាមួយក្រុមអ្នកតំណាងកម្មវិធី COVAX ក្រសួងសុខាភិបាលវៀតណាម បានចេញសេចក្តីថ្លែងការណ៍ដូច្នេះថា «វៀតណាមគ្រោងនឹងបង្កើតរោងចក្រមួយ ហើយចង់ទទួលបានអាជ្ញាប័ណ្ណ ដើម្បីអាចផលិតវ៉ាក់សាំង COVID-19 សម្រាប់ផ្គត់ផ្គង់ COVAX និងទៅកាន់បណ្តាប្រទេសដទៃទៀត ព្រមទាំងសម្រាប់វៀតណាមផ្ទាល់»។ កាលពីថ្ងៃចន្ទសប្តាហ៍នេះ វៀតណាមក៏បានជំរុញថែមទៀតនូវការទិញវ៉ាក់សាំង តាមរយៈវិស័យឯកជនផងដែរ។

ប្រទេសដែលមានប្រជាជនប្រហែល ៩៨លាននាក់នេះ ទទួលបានវ៉ាក់សាំងសរុបត្រឹម ២.៩លានដូស ក្នុងនោះ ២.៦លានដូស បានមកតាមរយៈ COVAX ហើយយុទ្ធនាការចាកវ៉ាក់សាំង មានល្បឿនយឺតខ្លាំងណាស់។ ដូច្នេះហើយ ក្នុងសេចក្តីថ្លែងការណ៍ខាងលើ រដ្ឋមន្រ្តីសុខាភិបាលវៀតណាមបានបង្ហាញក្តីសង្ឃឹមថា COVAX នឹងបង្កើនល្បឿននៃការផ្តល់វ៉ាក់សាំងឲ្យមកវៀតណាម ហើយអំពាវនាវដល់អង្គការអន្តរជាតិ និងប្រទេសដទៃទៀត ជួយខ្លួនស្វែងរកវ៉ាក់សាំង។ ថ្មីៗនេះ ប្រទេសវៀតណាម ក៏បានស្នើសុំជំនួយពីសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក ដើម្បីទទួលបានវ៉ាក់សាំង COVID-19 និងបច្ចេកទេសផលិតផងដែរ។

គួរបញ្ជាក់ថា រលកឆ្លងរាតត្បាតថ្មីនៃជំងឺ COVID-19 ដែលបានផ្ទុះឡើងកាលពីខែឧសភាកន្លងទៅ ហាក់កំពុងមានការរីករាលដាលខ្លាំង នៅក្នុងប្រទេសវៀតណាម។ កាលពីថ្ងៃចន្ទម្សិលមិញ វៀតណាមបានរាយការណ៍ពីករណីឆ្លងថ្មីៗចំនួន ២១៤ករណី ដែលជាហេតុនាំឲ្យករណីឆ្លងសរុប នៅទូទាំងប្រទេសកើនដល់ ៧,៣២១ករណី ក្នុងនោះមានអ្នកស្លាប់ ៤៧នាក់ និងជាសះស្បើយ ៣,០៣០នាក់៕