(ប៉ារីស)៖ ប្រធានាធិបតីបារាំង លោក អែមម៉ានុយអែល ម៉ាក្រុង និងអធិការបតីអាល្លឺម៉ង់ លោកស្រី អាន់ជែលឡា មឺគែល នៅថ្ងៃចន្ទសប្ដាហ៍នេះបានទាមទារការបកស្រាយពីសហរដ្ឋអាមេរិក និងប្រទេសដាណឺម៉ាក បន្ទាប់ពីលេចធ្លាយរឿងអាស្រូវថាចារកិច្ចអាមេរិកនៅក្រោមអតីតរដ្ឋបាលប្រធានាធិបតី លោក បារ៉ាក់ អូបាម៉ា បានលួចយកការណ៍ពីបណ្ដាមេដឹកនាំអឺរ៉ុប ក្នុងនោះមានទាំងលោកស្រី មឺគែល ដោយមានជំនួយពីបណ្ដាញចារកិច្ចដាណឺកម៉ាក។ ប្រទេសស៊ុយអែត និងន័រវែសដែលមាន មន្ត្រីជាន់ខ្ពស់របស់ខ្លួនត្រូវបានគេលួចយកការណ៍ដែរនោះក៏បានទាមទារការបកស្រាយផងដែរ។

ការលេចធ្លាយរឿងអាស្រូវថាចារកិច្ចអាមេរិកលួចយកការណ៍ពីមេដឹកនាំអឺរ៉ុប ត្រូវបានចេញផ្សាយយ៉ាងគគ្រឹកគគ្រេងដោយប្រព័ន្ធផ្សព្វផ្សាយធំៗនៅអឺរ៉ុបដូចជា សារព័ត៌មានដាណឺម៉ាក DR, កាសែតបារាំងឡឺម៉ង់ (Le Monde) រួមទាំងសារព័ត៌មាននៅក្នុងប្រទេសអាល្លឺម៉ង់, ស៊ុយអែត និងន័រវែស។ សារព័ត៌មានអឺរ៉ុបទាំងនេះ បានអះអាងថាចារកិច្ចអាមេរិកមកពីទីភ្នាក់ងារសន្តិសុខជាតិ NSA បានលួចយកការណ៍ពីមេដឹកនាំអឺរ៉ុបនៅក្នុងប្រទេសបារាំង, អាល្លឺម៉ង់ និងប្រទេសអឺរ៉ុបជាច្រើនទៀត ដូចជាស៊ុយអែត និងន័រវែស ដោយមានជំនួយពីចារកិច្ចដាណឺម៉ាក នៅចន្លោះពីឆ្នាំ២០១២ ដល់ឆ្នាំ២០១៤ ជាពេលដែលលោក ចូ បៃដិន កាន់តំណែងជាអនុប្រធានាធិបតី អាមេរិកក្រោមរដ្ឋបាលលោក អូបាម៉ា។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន បន្ទាប់ពីបានជួបប្រជុំតាមប្រព័ន្ធវីដេអូជាមួយលោកស្រី មឺគែល លោក ម៉ាក្រុងបានថ្កោលទោសយ៉ាងខ្លាំង និងចាត់ទុកថាការលួចយក ការណ៍ពីសម្ព័ន្ធមិត្តខ្លួនឯងជារឿងមិនអាចទទួលយកបាន បើសិនវាជាការពិតមែននោះ ហើយលោក និងលោកស្រី មឺគែលចង់បានការបកស្រាយឱ្យបានច្បាស់ពីអាមេរិក និងដាណឺកម៉ាក។ «វាជារឿងមិនអាចទទួលបាននៅក្នុងចំណោមសម្ព័ន្ធមិត្ត...ការជឿទុកចិត្តលើគ្នាគឺជាមូលដ្ឋានគ្រឹះនៃការរួបរួមរវាងអឺរ៉ុប និងអាមេរិក។ ដូច្នេះយើងមិនត្រូវ ទុកឱ្យមានការសង្ស័យគ្នាទៅវិញទៅមកនោះទេ ដែលនេះហើយតម្រូវមានការបកស្រាយឱ្យបានច្បាស់ពីអាមេរិក និងដាណឺម៉ាកដែលជាដៃគូរបស់យើង...»។ នេះជាការលើកឡើងរបស់លោក ម៉ាក្រុង ក្រោយជំនួបជាមួយលោកស្រី មឺគែល។

*ប្រតិបត្តិការ ឌូនហំាមឺ (Dunhammer)

សារព័ត៌មានដាណឺម៉ាក DR បានឱ្យដឹងថាការលួចយកការណ៍ពីមេដឹកនាំអឺរ៉ុបរបស់ចារកិច្ចដាណឺម៉ាក និងទីភ្នាក់ងារសន្តិសុខជាតិអាមេរិក NSA ធ្វើឡើងក្រោមប្រតិបត្តិការ មួយមានឈ្មោះថា ឌូនហំាមឺ (Dunhammer) នៅចន្លោះពីឆ្នាំ២០១២ ដល់ឆ្នាំ២០១៤។ នៅឆ្នាំ២០១៥ ទើបគេរកឃើញថា NSA អាចប្រើប្រាស់ប្រព័ន្ធលួចយកការណ៍ របស់ដាណឺម៉ាកនៅលើខ្សែកាបអ៉ីនធើណិតក្រោមបាតសមុទ្រ ដោយមានការយល់ព្រមពីរដ្ឋាភិបាលដាណឺម៉ាកផ្ទាល់។

នៅក្រោមប្រតិបត្តិការ Dunhammer ទីភ្នាក់ងារចារកិច្ចដាណឺម៉ាក Defense Intelligence Service ឬហៅកាត់ថា FE បានជួយចារកិច្ចអាមេរិក NSA ដើម្បីលួចយកការណ៍ និងស្ដុកទុកទិន្នន័យដែលប្រមូលបានពីខ្សែកាបអ៉ិនធើណិតក្រោមបាតសមុទ្រ ហើយតាមរយៈជំនួយនេះទៀតសោត ចារកិច្ចអាមេរិក NSA អាចចូលលួចយកការណ៍ ក៏ដូចជាប្រមូលទិន្នន័យចេញ និងចូលតាមខ្សែកាបអ៉ិនធើណិតក្រោមបាតសមុទ្ររត់កាត់តាមដាណឺកម៉ាក ក្នុងនោះមានការចូលអានសារ SMS, លួចស្ដាប់ការហៅទូរស័ព្ទ, ចូលមើលការប្រើប្រាស់អ៉ិធើណិតដូចជា searches, chats និងសេវាផ្ញើសារមួយចំនួនទៀត។

បើតាមសារព័ត៌មានដាណឺម៉ាក DR អធិការបតីអាល្លឺម៉ង់លោកស្រី អាន់ជែលឡា មឺគែល, អតីតរដ្ឋមន្ត្រីការបរទេស និងបច្ចុប្បន្នជាប្រធានាធិបតីអាល្លឺម៉ង់ លោក ហ្វ្រែន- វ៉ុលធ័រ ស្ដែនមៃយ័រ (Frank-Walter Steinmeier), ប្រមុខមេដឹកនាំប្រឆាំងអាល្លឺម៉ង់លោក ភៀ ស្ដែនប្រូគ (Peer Steinbrück) រួមទាំងថ្នាក់ដឹកនាំអឺរ៉ុបដែលមិនទាន់មាន ការបញ្ចេញអត្តសញ្ញាណនៅក្នុងប្រទេសបារាំង, ស៊ុយអែត និងន័រវែសសុទ្ធតែត្រូវបានចារកិច្ចអាមេរិក និងដាណឺម៉ាកលួចយកការណ៍។ ដាណឺកម៉ាដែលជាសម្ព័ន្ធមិត្តដ៏ស្និទ មួយរបស់សហរដ្ឋអាមេរិក មានស្ថានីយសំខាន់ៗជាច្រើនសម្រាប់ខ្សែកាបអ៉ិនធើណិតក្រោមបាតសមុទ្រចេញ និងចូលប្រទេសស៊ុយអែត, ន័រវែស, អាល្លឺម៉ង់, ហូឡង់ និងចក្រភពអង់គ្លេស។

*តើអ្វីទៅជំរុញឱ្យចារកិច្ចដាណឺម៉ាកជួយ NSA?

អ្នកជំនាញខាងស៊ើបការណ៍សម្ងាត់ដាណឺម៉ាក លោក ថូម៉ាស់ វេហ្គេណឺ ហ្រ្វីស (Thomas Wegener Friis) ជឿជាក់ថាទីភ្នាក់ចារកិច្ចដាណឺកម៉ាក (FE) បានប្រឈមមុខ នឹងស្ថានភាពមួយដែលតម្រូវឱ្យពួកគេត្រូវជ្រើសរើសរវាងសហរដ្ឋអាមេរិក និងអឺរ៉ុបថាតើដៃគូមួយណាដែលពួកគេចង់សហការជាមួយយ៉ាងជិតស្និទ។ លោក ថូម៉ាស់ បានគូសបញ្ជាក់ដូច្នេះថា៖ «ចារកិច្ចដាណឺកម៉ាកបានធ្វើការសម្រេចចិត្តមួយយ៉ាងច្បាស់ថាត្រូវតែធ្វើការជាមួយសហរដ្ឋអាមេរិក ហើយប្រឆាំងនឹងប្រទេសអឺរ៉ុបជាដៃគូរបស់ខ្លួន»

ដោយឡែក លោក ផាតទ្រីគ សែនបឺគ (Patrick Sensburg) ជាប្រធានគណៈកម្មាធិការសភាអាល្លឺម៉ង់ទទួលបន្ទុកស៊ើបអង្កេតរឿងអាស្រូវលួចយកការណ៍របស់ NSA មិនបានបង្ហាញការភ្ញាក់ផ្អើលអ្វីឡើយចំពោះព័ត៌មានលេចធ្លាយថាចារកិច្ចដាណឺម៉ាក ជួយចារកិច្ចអាមេរិកស៊ើបការណ៍ពីមេដឹកនាំអឺរ៉ុប ដោយលោកសង្កត់ធ្ងន់ថាគេគួរតែ ស្វែងយល់ពីហេតុផលនៅពីក្រោយការបង្កើតសេវាស៊ើបការណ៍សម្ងាត់។ «គេមិននិយាយពីទំនាក់ទំនងមិត្តភាពឡើយ, ហើយក៏មិននិយាយពីក្រមសីលធម៌នោះដែរ តែគេ និយាយពីការស្វែងរកផលប្រយោជន៍តែប៉ុណ្ណោះ»។ នេះជាការលើកឡើងរបស់លោក Patrick Sensburg ប្រាប់ទូរទស្សន៍អាល្លឺម៉ង់ NDR។

គួរបញ្ជាក់ថា មកទល់នឹងពេលនេះ ទាំងសហរដ្ឋអាមេរិក និងដាណឺម៉ាកមិនទាន់បានផ្ដល់ចម្លើយ ឬការបកស្រាយណាមួយឡើយឆ្លើយតបទៅនឹងការចុះផ្សាយរបស់បណ្ដាសារព័ត៌មានធំៗ នៅអឺរ៉ុបជុំវិញរឿងអាស្រូវលួចយកការណ៍ពីសម្ព័ន្ធមិត្តខ្លួនឯង។ ប៉ុន្តែការបែកធ្លាយរឿងអាស្រូវនេះកើតមានឡើងតែជាង២សប្ដាហ៍ប៉ុណ្ណោះ មុននឹង ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បំពេញដំណើរទស្សនកិច្ចជាលើកដំបូងរបស់លោកទៅកាន់តំបន់អឺរ៉ុប ចាប់តាំងពីជាប់ឆ្នោតជាប្រធានាធិបតីមក៕

ប្រភព៖ AP (ថ្ងៃអង្គារ ទី០១ ខែមិថុនា ឆ្នាំ២០២១)