(ប៉េកាំង)៖ ចិនមិនដែលបង្កការរាំងស្ទះ ដល់ការសិក្សាស្វែងរកប្រភពដើម នៃវីរុស COVID-19 នោះឡើយ ប៉ុន្តែចិនប្រឆាំងយ៉ាងដាច់ខាត ចំពោះអ្នកទាំងឡាយណា ដែលកំពុងសម្លឹងឃើញប្រយោជន៍ ជុំវិញការចោទប្រកាន់ និងបង្ខំឲ្យចិនទទួលខុសត្រូវ ចំពោះជំងឺរាតត្បាតសកល។ នេះបើតាមសម្តីរបស់លោក វិចទ័រ ជីខៃ កៅ (Victor Zhikai Gao) អនុប្រធាននៃ មជ្ឈមណ្ឌលសាកលភាវូបនីយកម្មចិន ដែលមានមូលដ្ឋាននៅទីក្រុងប៉េកាំង នៅក្នុងកិច្ចសម្ភាសន៍ជាមួយសារព័ត៌មាន Al-Jazeera។

ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ បានចេញផ្សាយនៅរសៀលថ្ងៃអង្គារ ទី០១ ខែមិថុនា ឆ្នាំ២០២១នេះ ដោយដកស្រង់សម្តីរបស់លោក Gao ពីកិច្ចសម្ភាសន៍ខាងលើនេះថា «ខ្ញុំមិនគិតថា ប្រទេសចិនកំពុងបង្កការរាំងស្ទះនោះទេ។ ចិនគ្រាន់តែមិនស្វាគមន៍ អ្នកទាំងឡាយណាដែលកំពុងសម្លឹងឃើញផលប្រយោជន៍ អំពីការចោទប្រកាន់ចិន ឬព្យាយាមទាមទារឲ្យចិន ទទួលខុសត្រូវចំពោះជំងឺរាតត្បាតសកលនេះតែប៉ុណ្ណោះ»។

លោក Victor Zhikai Gao ថែមទាំងបានជំរុញឲ្យសហរដ្ឋអាមេរិក ធ្វើកិច្ចសហប្រតិបត្តិការជាមួយ អង្គការសុខភាពពិភពលោក (WHO) ដូចទៅនឹងអ្វីដែលប្រទេសចិនកំពុងធ្វើផងដែរ។ លោក Gao បានសង្កត់ធ្ងន់ថា «ប្រទេសចិនចង់ប្រឆាំងចំពោះតែអ្នក ដែលបដិសេធក្នុងការយកវិទ្យាសាស្ត្រ ជាអាទិភាពក្នុងការស៊ើបអង្កេត ហើយមិនព្រមទទួលស្គាល់ ភាពបរាជ័យរបស់ខ្លួន ក្នុងការទប់ទល់ជំងឺឆ្លងរាតត្បាត (COVID-19) តែប៉ុណ្ណោះ... ជាក់ស្តែងមនុស្សជាង ៦០០,០០០នាក់ហើយ បានស្លាប់នៅទូទាំងសហរដ្ឋអាមេរិក ដោយសារតែជំងឺនេះ»

គួរបញ្ជាក់ថា ប្រធានបទនៃការស៊ើបអង្កេតរកប្រភពដើមនៃ COVID-19 បានផ្ទុះឡើងយ៉ាងក្តៅគគុកជាថ្មីម្តងទៀត ក្រោយពីប្រធានាធិបតីអាមេរិកលោក ចូ បៃដិន កាលពីសប្តាហ៍មុននេះ បានណែនាំឲ្យទីភ្នាក់ងារស៊ើបអង្កេតពាក់ព័ន្ធទាំងអស់ នៃរដ្ឋបាលរបស់លោក ស្រាវជ្រាវរកប្រភពដើមនៃ COVID-19 ហើយរាយការណ៍មកកាន់លោកវិញ នៅក្នុងរយៈពេល ៩០ថ្ងៃ។ បន្ថែមពីនេះលោក ចូ បៃដិន ក៏បានជំរុញឲ្យ WHO ធ្វើការស៊ើបអង្កេតក្នុងដំណាក់កាលទី ២ ផងដែរ៕