(ប៉េកាំង)៖ ក្រុមហ៊ុនសម្ព័ន្ធមួយនៃក្រុមហ៊ុនចិន Sinopharm ដែលមានមូលដ្ឋានក្នុងទីក្រុងវូហានបានឱ្យដឹងថា ការចាប់ផ្ដើមប្រតិបត្តិការនៅឯរោងចក្រថ្មីមួយរបស់ខ្លួន នឹងជួយបង្កើនសមត្ថភាពផលិតវ៉ាក់សាំង COVID-19 ប្រចាំឆ្នាំយ៉ាងហោច ១ពាន់លានដូស។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃអង្គារ ទី០១ ខែមិថុនា ឆ្នាំ២០២១។

វិទ្យាសាស្ត្រអភិវឌ្ឍផលិតផលជីវសាស្ត្រ វូហាន (Wuhan Institute of Biological Products) បានធ្វើការកត់សម្គាល់ដូចខាងលើ នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ចេញផ្សាយនៅថ្ងៃចន្ទសប្ដាហ៍នេះ ប៉ុន្តែក្រុមហ៊ុននេះមិនបានបញ្ជាក់ថា តើពេលណាទើបរោងចក្រថ្មីខាងលើ នឹងចាប់ផ្ដើមផលិតវ៉ាក់សាំងពេញសមត្ថភាពនោះទេ។ ទោះជាយ៉ាងណា ការប្រកាសបែបនេះគឺស្របតាមគោលដៅរបស់ក្រុមហ៊ុន Sinopharm ដែលចង់ផលិតវ៉ាក់សាំង COVID-19 របស់ខ្លួនឱ្យបាន ៣ពាន់លានដូសក្នុងមួយឆ្នាំ។

គួរបញ្ជាក់ថា Wuhan Institute of Biological Products ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនចិន Sinopharm មានរោងចក្រមួយដែលមានសមត្ថភាពផលិតវ៉ាក់សាំង ១ពាន់លានដូសក្នុងមួយឆ្នាំ និងបច្ចុប្បន្នកំពុងសាងសង់រោចចក្រថ្មីមួយទៀត។ ប្រទេសចិនមកទល់នឹងពេលនេះ បានអនុម័តឱ្យប្រើប្រាស់ជាទូទៅនូវវ៉ាក់សាំង COVID-19 ចំនួន ០៤ របស់ក្រុមហ៊ុនក្នុងស្រុកដូចជា Sinopharm, Sinovac Biotech និងក្រុមហ៊ុន CanSino Biologics ហើយវ៉ាក់សាំងចំនួន ០៣ផ្សេងទៀតត្រូវបាន អនុញ្ញាតសម្រាប់ការប្រើប្រាស់បន្ទាន់។

ក្រុមហ៊ុនចិន Sinovac Biotech ដែលមានសមត្ថភាពផលិតវ៉ាក់សាំង ២ពាន់លានដូសក្នុងមួយឆ្នាំ នៅថ្ងៃអង្គារនេះក៏បានឱ្យដឹងដែរថា ខ្លួនបានផ្គង់ផ្គង់វ៉ាក់សាំង ៦០០លានដូសទាំងនៅក្នុងស្រុក និងនៅក្រៅស្រុក គិតត្រឹមដំណាច់ខែឧសភា ឆ្នាំ២០២១៕