(បាងកក)៖ មជ្ឍមណ្ឌលគ្រប់គ្រងស្ថានការណ៍កូវីដ១៩ ថៃ (CCSA) បានសម្រេចផ្អាកបទបញ្ជារបស់រដ្ឋបាលក្រុងបាងកក ដែលអនុញ្ញាតឲ្យទីកន្លែងចំនួន ៥កន្លែងអាចដំណើរការឡើងវិញចាប់ពីថ្ងៃអង្គារ ទី០១ ខែមិថុនា។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន The Nation Thailand នៅយប់ថ្ងៃចន្ទ ទី៣១ ខែឧសភា ឆ្នាំ២០២១។

កាលពីព្រឹកមិញនេះ រដ្ឋបាលក្រុងបាងកកបានកំណត់ថា ទីកន្លែងចំនួន០៥ ដែលមិនមានពាក់ព័ន្ធនឹងចង្កោមឆ្លងរាលដាលនៃជំងឺ COVID-19 អាចបើកដំណើរការឡើងវិញ ចាប់ថ្ងៃអង្គារស្អែកនេះតទៅ ក្នុងនោះរួមមាន កន្លែងស្ប៉ា សារមន្ទីរ សួនច្បារសាធារណៈ ហាងចាក់សាក់ និងគ្លីនិកថែរក្សាសម្រស់ជាដើម។

ទោះយ៉ាងណា បើដោយយោងទៅតាមបទបញ្ជាចុងក្រោយរបស់មជ្ឍមណ្ឌលគ្រប់គ្រងស្ថានការណ៍កូវីដ១៩ (CCSA) ទីតាំងចំនួន ៥ខាងលើក៏ដូចជាកន្លែងផ្សេងទៀតនៅទីក្រុងបាងកក នឹងត្រូវបន្តបិទទ្វាររហូតដល់ថ្ងៃទី១៤ ខែមិថុនា។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃចន្ទនេះ ប្រទេសថៃបានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេស ១៥៩,៧៩២ករណី ក្នុងនោះមានអ្នកស្លាប់ ១,០៣១នាក់ និងអ្នកជាសះស្បើយ ១០៨,៣៤៥នាក់៕