(សិង្ហបុរី)៖ ក្រុមហ៊ុន CP Food នៅសិង្ហបុរីបាននិយាយនៅថ្ងៃចន្ទ ទី៣១ ខែឧសភាថា ក្រុមហ៊ុនរបស់ខ្លួនបានផ្អាកការនាំចូលផលិតផលចំណីអាហារពីរោងចក្រ Saraburi នៅប្រទេសថៃ បន្ទាប់ពីមានរបាយការណ៍នៃការផ្ទុះជំងឺកូវីដ១៩ ក្នុងចំណោមបុគ្គលិកដែលធ្វើការនៅទីនោះ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅយប់ថ្ងៃចន្ទ ទី៣១ ខែឧសភា ឆ្នាំ២០២១។

ក្រុមហ៊ុនក៏បានធានាដល់អតិថិជនផងដែរថា ទំនិញដែលកំពុងដាក់លក់នៅប្រទេសសិង្ហបុរីនាពេលបច្ចុប្បន្ននេះ ត្រូវបានត្រួតពិនិត្យត្រឹមត្រូវសម្រាប់ការប្រើប្រាស់។

របាយការណ៍បាននិយាយថា «មុនពេលពួកគេអាចចែកចាយដល់អ្នកលក់រាយ ឬអាចលក់តាមអនឡាញដល់សាធារណៈជនបាន ផលិតផលរបស់ក្រុមហ៊ុន CP Food ទាំងនោះត្រូវឆ្លងកាត់ដំណើរត្រួតពិនិត្យសុវត្ថិភាព ដែលធ្វើឡើងដោយទីភ្នាក់ងារស្បៀងអាហារសិង្ហបុរី»

ក្រុមហ៊ុនក៏បានកត់សម្គាល់ផងដែរថា អង្គការសុខភាពពិភពលោក (WHO) និងទីភ្នាក់ងារស្បៀងអាហារសិង្ហបុរីបាននិយាយថា លទ្ធភាពនៃការឆ្លងជំងឺកូវីដ១៩ តាមរយៈអាហារវេចខ្ចប់ គឺភាគរយតិច។

គួរបញ្ជាក់ថា កាលពីថ្ងៃអាទិត្យម្សិលមិញ ក្រុមហ៊ុនកសិពាណិជ្ជកម្មដ៏ធំបំផុតរបស់ថៃដែលហៅកាត់ថា CP Foods បានឲ្យថា ក្រុមហ៊ុនបានបិទទ្វាររោងចក្រមួយរបស់ខ្លួនអស់រយៈពេល០៥ថ្ងៃ ក្រោយរកឃើញថាមានកម្មករជាច្រើននាក់បានធ្វើតេស្តវិជ្ជមានចំពោះជំងឺកូវីដ-១៩៕