(តៃប៉ិ)៖ កោះតៃវ៉ាន់នៅថ្ងៃចន្ទនេះបានរាយការណ៍ពី ការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ៣៥១ករណីបន្ថែមទៀត ដែលជាថ្ងៃទី១៦ជាប់ៗគ្នាមកហើយ ដែលកោះមួយនេះបានរាយការណ៍ពីការរកឃើញករណីឆ្លងប្រចាំថ្ងៃរបស់ខ្លួនច្រើនជាង ២០០ករណី។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានចិនស៉ីនហួរ នៅថ្ងៃចន្ទ ទី៣១ ខែឧសភា ឆ្នាំ២០២១។

ទីភ្នាក់ងារគ្រប់គ្រងជំងឺឆ្លងកោះតៃវ៉ាន់បានគូសបញ្ជាក់ថា ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើ មាន ៣៤៧ករណី ជាករណីឆ្លងក្នុងសហគមន៍ ក្នុងនោះរួមមាន ១៦៥ករណី គឺជាបុរស និង ១៨២ករណីទៀត គឺជាស្រ្តី ដែលពួកគេមានអាយុចន្លោះពី ០៥ឆ្នាំរហូតដល់ ៨០ឆ្នាំ។ ចំណែក ០៤ករណីផ្សេងទៀត គឺជាករណីនាំចូលពីបរទេស។

ប្រភពដដែលនេះបានគូសបញ្ជាក់បន្ថែមថា ក្រៅពីការរកឃើញករណីឆ្លងថ្មីៗខាងលើ កោះតៃវ៉ាន់ ក៏បានរាយការណ៍ពីការរកឃើញអ្នកស្លាប់ដោយសារជំងឺ COVID-19 ថ្មីៗចំនួន ១៥នាក់បន្ថែមទៀតផងដែរ ក្នុងនោះរួមមាន ០៩នាក់គឺជាបុរស និង ០៦នាក់ទៀតគឺជាស្រ្តី ដែលពួកគេបានស្លាប់នៅចន្លោះថ្ងៃទី២១ និងថ្ងៃទី២៩ ខែឧសភា។

គួរបញ្ជាក់ថា រហូតមកទល់ពេលនេះ កោះតៃវ៉ាន់ បានកត់ត្រាករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេសចំនួន ៨,៥១១ករណី ក្នុងនោះមាន ៧,៣២១ករណី ជាករណីឆ្លងក្នុងសហគមន៍ ខណៈអ្នកស្លាប់មានចំនួន ១២៤នាក់ និងអ្នកជាសះស្បើយមានចំនួន ១,១៣៣នាក់៕