(អាមេរិក)៖ តារាសម្តែងជើងចាស់អាមេរិកម្នាក់ គឺលោក Joe Lara ដែលធ្លាប់សម្តែងជាតួអង្គមនុស្សព្រៃ Tarzan កាលពីប៉ុន្មានទសវត្សរ៍មុន បានទទួលមរណភាព កាលពីចុងសប្តាហ៍មុន ក្នុងគ្រោះថ្នាក់ធ្លាក់យន្តហោះ នៅរដ្ឋ Tennessee នៃសហរដ្ឋអាមេរិក។ នេះបើតាមការចេញ ផ្សាយដោយ សារព័ត៌មាន BBC នៅថ្ងៃចន្ទ ទី៣១ ខែឧសភា ឆ្នាំ២០២១។

តារាសម្តែងអាមេរិកវ័យ៥៨ឆ្នាំខាងលើ ស្ថិតក្នុងចំណោមជនរងគ្រោះសរុបចំនួន៧នាក់ ដែលត្រូវអាជ្ញាធរសន្និដ្ឋានថាបានបាត់បង់ជីវិត នៅពេលយន្តហោះខ្នាតតូចមួយគ្រឿង បានធ្លាក់ចូលបឹងមួយកន្លែង ក្បែរក្រុងឈ្មោះថា Smyrna កាលពីថ្ងៃសៅរ៍សប្តាហ៍មុន។ ភរិយាលោក ក៏បានបាត់បង់ជីវិតជាមួយគ្នាផងដែរ។ ក្រុមភ្នាក់ងារសង្រ្គោះបានឲ្យដឹងថា ពួកគេរកឃើញបំណែកយន្តហោះ និងសាកសពមនុស្សមួយចំនួន។

គួរបញ្ជាក់ថា លោក Joe Lara ធ្លាប់ដើរតួឯកក្នុងខ្សែភាពយន្តមនុស្សព្រៃ «Tarzan in Manhattan» ដែលចាក់បញ្ចាំងកាលពីឆ្នាំ១៩៨៩ ហើយបានដើរតួអង្គដដែល ក្នុងខ្សែភាពយន្តភាគតពីភាពយន្តនេះគឺ «Tarzan: The Epic Adventures» ដែលចាប់ផ្តើមបញ្ចាំងដំបូងនៅឆ្នាំ១៩៩៦៕