(តូក្យូ)៖ ភាពតានតឹងរវាងសហរដ្ឋអាមេរិក និងចិននាពេលបច្ចុប្បន្ន បាន និងកំពុងបង្កឱ្យមានការព្រួយបារម្ភពីលទ្ធភាពនៃការផ្ទុះសង្រ្គាមរវាងមហាយក្សទាំងពីរ។ បើតាមក្រុមអ្នកវិភាគជាច្រើន កោះតៃវ៉ាន់ និងតំបន់សមុទ្រចិនខាងត្បូងអាចនឹងក្លាយជាចំណុចចាប់ផ្ដើមនៃសង្រ្គាមរវាងអាមេរិក និងចិន ទាស់នៅ ត្រង់ថាគេពិបាកស្មានថាវានឹងកើតឡើងដោយរបៀបណា ឬនៅពេលណាឱ្យប្រាកដតែប៉ុណ្ណោះ។ ព្រមពេលជាមួយគ្នា ក៏លេចឡើងនូវការចោទសួរសំណួរ ដ៏សាមញ្ញផងដែរ នោះគឺថាបើសង្រ្គាមផ្ទុះឡើងពិតមែន តើរវាងអាមេរិក និងចិន នរណាជាអ្នកឈ្នះ?

ការប្រៀបធៀបពីកម្លាំងយោធារវាងសហរដ្ឋអាមេរិក និងចិន មានភាពស្មុគស្មាញខ្លាំងដោយតម្រូវឱ្យមានការស្វែងយល់ពីកញ្ចប់ថវិកាយោធា, ចំនួននាវា ចម្បាំង, យន្ដហោះចម្បាំង, ទីតាំងភូមិសាស្ត្រ, សម្ព័ន្ធមិត្ត, បច្ចេកវិទ្យា ជាពិសេសគឺសមត្ថភាពនៅក្រោមបាតសមុទ្រ, ព័ត៌មានវិទ្យា និងអវកាស។ យើងអាច ចាប់ផ្ដើមមុនគេពីកញ្ចប់ថវិកាយោធា។ កាលពីឆ្នាំ២០២០ កញ្ចប់ថវិកាយោធារបស់សហរដ្ឋអាមេរិកមានរហូតដល់ទៅ ៧១៤ពាន់លានដុល្លារ ហើយត្រូវបាន រំពឹងថានឹងកើនឡើងដល់ ៧៣៣ពាន់លានដុល្លារនៅឆ្នាំ២០២១នេះ។

បើមើលពីកញ្ចប់ថវិកាយោធា ចិនតាមមិនទាន់សហរដ្ឋអាមេរិកឡើយ ដោយក្នុងឆ្នាំ២០២១នេះ កញ្ចប់ថវិកាយោធារបស់ចិនមាន ២១២.៦ពាន់លានដុល្លារ ឬកើតឡើង ៦.៨ភាគរយ បើធៀបទៅនឹងឆ្នាំ២០២០។ ក៏ប៉ុន្តែ កងទ័ពចិនមិនស៊ីប្រាក់ខែខ្ពស់ដូចកងទ័ពអាមេរិក ហើយសកម្មភាពយោធារបស់ចិនគឺផ្ដោត តែទៅលើតំបន់អាស៊ីខាងកើត មិនដូចសហរដ្ឋអាមេរិកដែលកំពុងធ្វើសកម្មភាពយោធានៅជុំវិញពិភពលោកនោះទេ។ ការចំណាយលើវិស័យយោធារបស់ចិន ពិតប្រាកដក៏មិនត្រូវបានចេញផ្សាយជាសាធារណៈយ៉ាងទូលាយនោះដែរ ដូច្នេះបើនិយាយពីធនធាន អាមេរិកមានប្រៀបពិតមែន តែមិនមែនច្រើន លើសលុបជាងចិន ដូចដែលតួលេខបានបង្ហាញឡើយ។

ដោយឡែក និយាយពីចំនួននាវាចម្បាំងវិញ ចិនត្រូវបានគេរាយការណ៍ថាបច្ចុប្បន្នបានវ៉ាដាច់សហរដ្ឋអាមេរិកក្លាយជាកងទ័ពជើងទឹកធំជាងគេបំផុតនៅលើ ពិភពលោក ដោយមាននាវាចម្បាំងសរុបជិត ៣៥០គ្រឿង ខណៈសហរដ្ឋអាមេរិកមានត្រឹមតែ ២៩៥គ្រឿង។ ប៉ុន្តែនាវាចម្បាំងអាមេរិក និងកងទ័ពជើងទឹក អាមេរិកនៅតែមានបទពិសោធន៍ និងសមត្ថភាពខ្ពស់ជាងចិន។ លើសពីនេះទៅទៀត សហរដ្ឋអាមេរិកមានបណ្ដាញប្រព័ន្ធបញ្ជា និងគ្រប់គ្រងយ៉ាងទំនើប ដែលអាចតភ្ជាប់ទំនាក់ទំនងរយៈចម្ងាយឆ្ងាយរបស់យន្ដហោះចម្បាំងជាមួយនាវាចម្បាំង និងនាវាមុជទឹក។

តែទោះជាបែបនេះក្ដី អតីតឧត្តមនាវាឯក លោក James Stavridis ជាមេបញ្ជាការកំពូលនៃអង្គការ NATO និងជាព្រឹទ្ធបុរសមហាវិទ្យាល័យ Fletcher School of Law and Diplomacy នៃសាកលវិទ្យាល័យ Tufts យល់ថាសមត្ថភាពបែបនេះ វាមានប្រយោជន៍តិចតួចចំពោះចិន ព្រោះចិនចំណេញខាងទីតាំង ភូមិសាស្ត្រជាងសហរដ្ឋអាមេរិក។ ជាឧទាហរណ៍ បើជម្លោះណាមួយជាមួយសហរដ្ឋអាមេរិកផ្ទុះឡើង ក្នុងតំបន់សមុទ្រចិនខាងត្បូង ឬសមុទ្រចិនខាងកើត ឬកោះតៃវ៉ាន់ នោះចិននឹងមានភាពងាយស្រួលក្នុងការដាក់ពង្រាយនាវាចម្បាំង, ចល័តកងទ័ពចុះ និងឡើងលើនាវាចម្បាំងបានយ៉ាងងាយស្រួល ឬលឿនជាង អាមេរិក ដោយទីតាំងភូមិសាស្ត្រអំណោយផលដល់ចិនដែលនៅជិតជាង។ ចំណែកឯ សហរដ្ឋអាមេរិកវិញដែលនៅឆ្ងាយពីតំបន់អាស៊ីខាងកើតអាចនឹងពិបាក ក្នុងការចល័តកងទ័ព ទោះជាអាមេរិកមានមូលដ្ឋានទ័ពជាច្រើននៅក្នុងតំបន់ក៏ដោយ។

ម្យ៉ាងវិញទៀត មូលដ្ឋានយោធាដែលត្រូវបានគេរាយការណ៍ថាចិនបានសាងសង់នៅឯតំបន់សមុទ្រចិនខាងត្បូង ក៏អាចជួយឱ្យចិនមានតុល្យភាពជាមួយ មូលដ្ឋានទ័ពអាមេរិកក្នុងប្រទេសកូរ៉េខាងត្បូង ជប៉ុន និងកោះហ្គាំ (Guam) ផងដែរ។ ដូច្នេះហើយ ទើបកងនាវាអាមេរិកតែងតែចាត់ទុកកោះសម្បនិម្មិត ឬមូលដ្ឋានទ័ពចិននៅតំបន់សមុទ្រចិនខាងត្បូង បៀបដូចជានាវាផ្ទុកយន្ដហោះចម្បាំងដែលមិនអាចបាញ់ពន្លិចបាន ហើយក្រុមអ្នកជំនាញយោធាខ្លះយល់ថា ក្នុងករណីផ្ទុះសង្រ្គាម ឬជម្លោះ សហរដ្ឋអាមេរិកគួរតែដាក់ពង្រាយកងកម្ម៉ង់ដូរម៉ារីនពិសេស Marine Raiders ដើម្បីបំផ្លាញមូលដ្ឋានទ័ពទាំងនេះមុនគេ បំផុត។

ចុះពាក់ព័ន្ធនឹងសម្ព័ន្ធមិត្តវិញ? សហរដ្ឋអាមេរិកទៅណា មកណាតែងតែមានសម្ព័ន្ធមិត្តតាមទៅជាមួយ។ បើនិយាយពីសម្ព័ន្ធមិត្ត ឬប្រទេសជាដៃគូគឺអាមេរិក មានច្រើនជាងចិន។ នៅតំបន់អាស៊ីប្រទេសដូចជា ជប៉ុនដែលជាមហាអំណាចសេដ្ឋកិច្ចលេខបីនៅលើពិភពលោក, អូស្ត្រាលីដែលពូកែខាងកងទ័ពជើងទឹក, កូរ៉េខាងត្បូង, សិង្ហបុរី និងប្រទេសមួយចំនួនទៀតសុទ្ធតែត្រូវបានគេមើលឃើញថាឈរនៅខាងទីក្រុងវ៉ាស៊ីនតោន។ មិនតែប៉ុណ្ណោះ អាមេរិកក៏មានទំនាក់ទំនងល្អជាមួយឥណ្ឌាផងដែរតាមរយៈកិច្ចសន្ទនាសន្តិសុខចតុភាគី ឬហៅថា Quad ដែលមានសហរដ្ឋអាមេរិក, ជប៉ុន, អូស្ត្រាលី និងឥណ្ឌាជាសមាជិក។ តែសំណួរសំខាន់នៅត្រង់នេះ នោះគឺថាតើប្រទេសទាំងនេះណាខ្លះដែលអាមេរិកអាចពឹងពាក់បាន ឬក៏ប្រទេសទាំងនេះណាខ្លះដែលហ៊ាន ចេញមុខជួយអាមេរិកក្នុងការធ្វើសង្រ្គាមជាមួយចិន?

ចិនបច្ចុប្បន្ន បាន និងកំពុងប្រឹងប្រែងបង្កើនសម្ព័ន្ធមិត្ត និងប្រទេសដៃគូដោយប្រជែងជាមួយសហរដ្ឋអាមេរិក តាមរយៈគំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវ។ ចិន មិនមែននៅតែឯងឡើយ ដោយមានសម្ព័ន្ធមិត្តដូចគ្នា ដូចជារុស្ស៊ីដែលតែងតែចូលរួមធ្វើសមយុទ្ធយោធាជារឿយៗជាមួយចិន, អ៉ីរ៉ង់ដែលទើបតែ ចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មទំហំ ៤០០ពាន់លានដុល្លារជាមួយទីក្រុងប៉េកាំង ព្រមទាំងប៉ាគីស្ថាន និងហ្វីលីពីនក្រោមការដឹកនាំរបស់លោកប្រធានាធិបតី រ៉ូឌ្រីហ្គោ ឌូតើតេដែលដូចជាងាកទៅចិន ជាងអាមេរិក។

និយាយជារួមសម្ព័ន្ធមិត្តរបស់អាមេរិកសុទ្ធតែជាប្រទេសធំៗ អ្នកមាន និងមានកម្លាំងយោធាខ្លាំងក្លាដែលបង្ហាញថាសហរដ្ឋអាមេរិកមានប្រៀបជាងចិន ខាងសម្ព័ន្ធមិត្ត។ ប៉ុន្តែ គម្លាតសម្ព័ន្ធមិត្តកាន់តែខិតជិតគ្នា ដោយប្រទេសជាច្រើនកាន់តែងាក និងបោះដៃរកចិនជាបណ្ដើរៗដូចដែលគេបានឃើញអំឡុង ការឆ្លងរាតត្បាត COVID-19 នេះ។

ចំណុចចុងក្រោយគេ ជាចំណុចសំខាន់បំផុត នោះគឺបើតាមលោក James Stavridis ជ័យជម្នះនៅក្នុងសង្រ្គាមរវាងអាមេរិក និងចិន នឹងអាស្រ័យទៅលើថា តើខាងណាមានបច្ចេកវិទ្យាខ្លាំងជាង។ ខាងនាវាមុជទឹក, ចំនួនផ្កាយរណបយោធានៅទីអវអាកាស, ការការពារ និងការវាយប្រហារព័ត៌មាន រួមទាំងយានគ្មាន មនុស្សបើក គឺសហរដ្ឋអាមេរិកនៅតែនាំមុខចិន។ ប៉ុន្តែសព្វថ្ងៃ ចិនកាន់តែដើរជិតទាន់សហរដ្ឋអាមេរិកយ៉ាងលឿនរហ័ស ជាពិសេសខាងបច្ចេកវិទ្យាបញ្ញា សម្បនិម្មិត, មីស៊ីលលឿនជាងសំឡេង និងព័ត៌មានវិទ្យាជាដើម។

គួរបញ្ជាក់ថា បើតាមលោក James Stavridis នៅរយៈពេល១០ឆ្នាំខាងមុខ ចិនអាចនឹងតាមទាន់សហរដ្ឋអាមេរិកក្នុងវិស័យជាច្រើនដូចដែលបានរៀបរាប់ ខាងលើ បើសិនជាសហរដ្ឋអាមេរិកមិនចាត់វិធានការឆ្លើយតបឱ្យបាន ទាន់ពេលទេនោះ៕

ប្រភព៖ Nikkei (ថ្ងៃចន្ទ ទី៣១ ខែឧសភា ឆ្នាំ២០២១)