(វ៉ាស៊ីនតោន)៖ កាលពីថ្ងៃទី២៥ ខែឧសភាកន្លងទៅនេះ បណ្ដារដ្ឋមន្ត្រីការបរទេសអាស៊ានបានបង្ហាញខ្លួននៅលើអេក្រង់កុំព្យូទ័ររៀងៗខ្លួនដើម្បីចូលរួមក្នុងកិច្ចប្រជុំកំពូល ថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ាន-អាមេរិក ដែលជាជំនួបផ្លូវការលើកដំបូងបំផុតជាមួយប្រមុខការទូតនៃរដ្ឋបាលលោកប្រធានាធិបតី ចូ បៃដិន គឺរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken។ ប៉ុន្តែ លោក Blinken មិនបានលេចមុខនៅលើអេក្រង់កុំព្យូទ័រតាមការណាត់នោះទេ។

សហរដ្ឋអាមេរិកមិនអាចភ្ជាប់ឡើយនូវប្រព័ន្ធវីដេអូសម្រាប់លោក Blinken ដែលបានឡើងជិះលើយន្ដហោះចាកចេញពីទីក្រុង Shannon ប្រទេសអ៊ែរឡង់ឆ្ពោះទៅកាន់ ទីក្រុងតែល អាវីវ ប្រទេសអ៉ីស្រាអែល ក្រោមក្របខណ្ឌនៃការបំពេញទស្សនកិច្ចជាបន្ទាន់មួយទៅកាន់តំបន់មជ្ឈិមបូព៌ាសំដៅធានាឱ្យបាននូវបទឈប់បាញ់បញ្ចប់អំពើហិង្សា រវាងអ៉ីស្រាអែល និងប៉ាឡេស្ទីន។ ការខកខានរបស់លោក Blinken បានធ្វើឱ្យរដ្ឋមន្ត្រីការបរទេសអាស៊ានមួយចំនួនអាក់អន់ចិត្តជាខ្លាំង ដ្បិតយល់ថាកំហុសបច្ចេកទេសនេះ ហាក់ដូចជាការមើលស្រាល និងជាសញ្ញាមួយបង្ហាញថាអាមេរិកមិនបានប្រឹងប្រែងអស់ពីចិត្តក្នុងការរៀបចំជំនួបតាមការគ្រោងទុក ហើយជាថ្មីម្ដងទៀតអាមេរិកនៅតែមើលឃើញថាតំបន់ផ្សេង ក្នុងករណីបច្ចុប្បន្នគឺតំបន់មជ្ឈិមបូព៌ាមានសារៈសំខាន់ជាងអាស៊ាន ឬតំបន់អាស៊ីអាគ្នេយ៍។

បើតាមប្រភពការទូតជាច្រើន បណ្ដារដ្ឋមន្ត្រីការបរទេសអាស៊ានត្រូវអង្គុយរង់ចាំលោក Blinken ដោយឥតប្រយោជន៍អស់ ៤៥នាទីដែលនេះបានធ្វើឱ្យរដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ី លោកស្រី Retno Marsudi អាក់អន់ចិត្តជាខ្លាំងរហូតដល់បិទវីដេអូកំឡុងកិច្ចប្រជុំនោះ។ «ឥណ្ឌូណេស៊ីចង់បានកិច្ចប្រជុំដ៏សមរម្យមួយប្រកបដោយការគោរពគ្នាទៅវិញទៅមកដោយមានរដ្ឋមន្ត្រីការបរទេសចូលរួម មិនមែនអ្នកជំនួសគាត់ទេ»។ នេះបើតាមប្រភពការទូតប្រាប់សារព័ត៌មាន Foreign Policy។

តែយ៉ាងណាក៏ដោយ ក្រុមមន្ត្រីអាមេរិកបានអះអាងថាអ្វីដែលបានកើតឡើងមិនមែនជាចេតនាមើលស្រាលឡើយ ហើយថាលោក Blinken ផ្ទាល់បានធ្វើការដល់យប់ជ្រៅ ដើម្បីថ្លែងសារទៅកាន់សមភាគីអាស៊ានរបស់លោក បើទោះជាលោកកំពុងរវល់ដោះស្រាយជម្លោះរវាងអ៉ីស្រាអែល និងប៉ាឡេស្ទីនក៏ដោយ។ លើសពីនេះទៅទៀត បុគ្គលិក ក្រសួងការបរទេសអាមេរិកក៏បានផ្ញើសារសូមអភ័យទោសដល់រដ្ឋមន្ត្រីការបរទេសអាស៊ានទាំងអស់ ក្នុងនាមលោក Blinken ផងដែរ ហើយថាកិច្ចប្រជុំថ្មីមួយនឹងត្រូវធ្វើឡើង នៅសប្ដាហ៍ក្រោយនេះ។

អ្នកនាំាពាក្យក្រសួងការបរទេសអាមេរិក លោក Ned Price បានប្រាប់សារព័ត៌មាន Foreign Policy ដូច្នេះថា៖ « រដ្ឋបាលលោកប្រធានាធិបតី ចូ បៃដិនមានការប្ដេជ្ញាចិត្ត ចំពោះអាស៊ាន និងតួនាទីដ៏សំខាន់របស់អាស៊ាននៃយុទ្ធសាស្ត្រអាមេរិកក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ហើយការប្ដេជ្ញាចិត្តនេះត្រូវបានឆ្លុះបញ្ចំងតាមរយៈការរៀបចំកិច្ចប្រជុំ តាមវីដេអូ និងដោយផ្ទាល់ជាច្រើនលើកនានាពេលកន្លងមក»។ លោក Ned Price លើកឡើងបែបនេះដោយចង់សំដៅទៅលើកិច្ចប្រជុំតាមវីដេអូរវាងទីប្រឹក្សាសន្តិសុខជាតិ អាមេរិក លោក Jake Sullivan និងបណ្ដាអគ្គរដ្ឋទូតអាស៊ានដែលក្រុមមន្ត្រីអាមេរិកនិយាយថារដ្ឋបាលលោក ចូ បៃដិននៅតែប្ដេជ្ញាចិត្តបង្កើនទំនាក់ទំនង និងការចូលរួម ជាមួយអាស៊ាន។

*អវត្តមានរបស់លោក Blinken បង្ហាញថាអាស៊ានមិនសូវសំខាន់?

លោក Joshua Kurlantzick ជាអ្នកជំនាញម្នាក់មកពីវិទ្យាស្ថាន Council on Foreign Relations បាននិយាយថាអវត្តមានរបស់លោក Blinken ក្នុងកិច្ចប្រជុំកំពូលថ្នាក់ រដ្ឋមន្ត្រីការបរទេសអាស៊ាន-អាមេរិកបានស្ដែងឱ្យឃើញនូវនយោបាយការបរទេសអាមេរិក ដែលមិនសូវចាត់ទុកតំបន់អាស៊ីអាគ្នេយ៍ ឬអាស៊ាននៅក្នុងភ្នែក។

ចាប់តាំងពី សម័យដឹកនាំរបស់អតីតប្រធានាធិបតីអាមេរិក លោក ចច ដាប់ប៊ែល យូប៊ូស (George H. W. Bush) នយោបាយការបរទេសអាមេរិកផ្ដោតជាអាទិភាពលើតំបន់មជ្ឈិមបូព៌ា ជាងអាស៊ីអាគ្នយ៍ ហើយគេបានមើលឃើញនយោបាយបែបនេះកាន់តែច្បាស់នៅក្នុងអាណត្តិដឹកនាំនៃអតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។

នៅជំនាន់លោក ដូណាល់ ត្រាំ ទំនាក់ទំនងរវាងអាមេរិក និងអាស៊ានហាក់ដូចជាល្វីងជូចត់ច្រើនជាងល្អែមល្ហែមនឹងគ្នា។ លោក ត្រាំបានធ្វើឱ្យមេដឹកនាំអាស៊ានក្ដៅក្រហាយ ដោយលោកសម្រេចចិត្តមិនចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានដល់ទី២លើក នៅឆ្នាំ២០១៨ និងឆ្នាំ២០១៩ ហើយអវត្តមាននេះបានទុកឱកាសឱ្យចិន និងរុស្ស៊ីសាងទំនាក់ទំនងកាន់តែល្អជាមួយអាស៊ាន។

ការសម្រេចចិត្តរបស់លោក ត្រាំ នៅពេលនោះត្រូវបានគេចាត់ទុកថាអាកប្បកិរិយាមើលស្រាលអាស៊ានហើយគួបផ្សំជាមួយអវត្តមាន របស់លោក Antony Blinken វាអាចនឹងកាន់តែធ្វើឱ្យអាស៊ានមិនទុកចិត្ត និងចោទសួរថាតើរដ្ឋបាលលោក ចូ បៃដិនចាត់ទុកអាស៊ានជាដៃគូដែលស្មើភាពគ្នាដែរ ឬក៏យ៉ាងណា?

លោក ចូ បៃដិន ធ្លាប់បានសន្យាថាលោកនឹងស្ដារឡើងវិញនូវទំនាក់ទំនងជាមួយសម្ព័ន្ធមិត្តទាំងអស់ ដើម្បីទប់ស្កាត់ការកើនឡើងឥទ្ធិពលចិននៅលើពិភពលោក ជាពិសេស នៅក្នុងតំបន់អាស៊ីអាគ្នេយ៍តែម្ដង។ តែមកទល់នឹងពេលនេះ លោក បៃដិនមិនទាន់មានកិច្ចសន្ទនាតាមទូរស័ព្ទផ្លូវការណាមួយជាមួយមេដឹកនាំណាម្នាក់នៃអាស៊ានទាំង១០ ប្រទេសនៅឡើយទេ។

លោក Kurlantzick បានបញ្ជាក់ដូច្នេះថា៖ «ខ្ញុំគិតថាវាអាចនឹងមានការអាក់អន់ចិត្ត...ពួកគេ (អាស៊ាន) ទំនងជាអាចមានក្ដីរំពឹងខ្ពស់ ឬច្រើនលើសពី ការរំពឹងទុកទៅលើលោក បៃដិន ដែលធ្លាប់តែអះអាងពីការស្ដារទំនាក់ទំនងជាមួយសម្ព័ន្ធមិត្ត»

លោក Kurlantzick បន្ថែមថាខាងរដ្ឋបាលលោក បៃដិនក៏ប្រហែលជា អន់ចិត្តនឹងអាស៊ានដូចគ្នាដែរ ជុំវិញការដោះស្រាយវិបត្តិនៅក្នុងប្រទេសមីយ៉ាន់ម៉ា និងនៅតែរក្សាទុកកៅអីជាសមាជិកដល់រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា ហើយដែលនេះអាចឱ្យគេយល់បានថាសហរដ្ឋអាមេរិកនៅតែមើលឃើញថាអាស៊ានមិនមែនជាដៃគូដែលមានទម្ងន់ ឬអាចការពារផលប្រយោជន៍អាមេរិកបាន។

គួរបញ្ជាក់ថា កិច្ចប្រជុំកំពូលរដ្ឋមន្ត្រីការបរទេសអាស៊ាន-អាមេរិកដែលត្រូវបានលើកពេល កើតមានឡើងនៅក្នុងបរិបទដែលវិបត្តិនៅក្នុងប្រទេសមីយ៉ាន់ម៉ាដែលជាសមាជិក អាស៊ានផងនោះ មានសភាពកាន់តែធ្ងន់ធ្ងរ។ បេសកជនជាន់ខ្ពស់អង្គការសហប្រជាជាតិ លោកស្រី Christine Schraner Burgener បានព្រមានថានៅក្នុងសប្ដាហ៍នេះថា មីយ៉ាន់ម៉ាអាចនឹងធ្លាក់ចូលក្នុងសង្រ្គាមស៊ីវិលទាំងស្រុង ខណៈចំនួនអ្នកស្លាប់បានកើនដល់ជាង ៨០០នាក់ហើយចាប់តាំងពីអំពើហិង្សាផ្ទុះឡើងក្រោយរដ្ឋប្រហារយោធា កាលពីខែកុម្ភៈមក។ ដើម្បីព្យាយាមដោះស្រាយវិបត្តិនេះអាស៊ានមានគម្រោងបើកកិច្ចប្រជុំដោយផ្ទាល់ជាមួយប្រមុខការទូតកំពូលចិននៅខែមិថុនាខាងមុខនេះ៕

ប្រភព៖ Foreign Policy (ថ្ងៃសុក្រ ទី២៨ ខែឧសភា ឆ្នាំ២០២១)