(ញូយ៉ក)៖ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) បានថ្កោលទោសយ៉ាងខ្លាំងលើយោធាម៉ាលី ជុំវិញការចាប់ឃុំខ្លួនប្រធានាធិបតី, នាយករដ្ឋមន្ត្រី និងមន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិ នៃរដ្ឋាភិបាលស៊ីវិលបណ្ដោះអាសន្ន ក្នុងប្រទេសអាហ្វ្រិកខាងលិចមួយនេះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៧ ខែឧសភា ឆ្នាំ២០២១។

នៅក្នុងសេចក្ដីថ្លែងការណ៍ ចេញផ្សាយនៅថ្ងៃពុធសប្ដាហ៍នេះ (ពេលវេលានៅញូយ៉ក) ក្រុមប្រឹក្សាសន្តិសុខ UN បានទទូចឱ្យយោធាម៉ាលី រក្សាសុវត្ថិភាព និងដោះលែងអ្នកដែលត្រូវបានឃុំខ្លួន ឱ្យមានសេរីភាពឡើងវិញជាបន្ទាន់ ដោយគ្មានលក្ខខណ្ឌអ្វីទាំងអស់ ហើយក៏បានបង្ហាញការគំាទ្រផងដែរ ដល់រដ្ឋាភិបាលស៊ីវិលបណ្ដោះអាសន្នម៉ាលី ដែលមានភារកិច្ចរៀបចំការបោះឆ្នោតសកលមួយ នៅឆ្នាំ២០២២ខាងមុខ។

គួរបញ្ជាក់ថា កងកម្លាំងយោធានៃប្រទេសម៉ាលី បានចាប់ខ្លួនប្រធានាធិបតី, នាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីការពារជាតិរបស់ប្រទេសអាហ្វ្រិកមួយនេះ កាលពីថ្ងៃចន្ទដើម សប្ដាហ៍កន្លងទៅនេះ បន្ទាប់ពីការរុះរើគណៈរដ្ឋមន្ត្រីមួយត្រូវបានធ្វើឡើង។

លោកប្រធានាធិបតី បាហ៍ ណាដរ (Bah Nadaw), លោកនាយករដ្ឋមន្ត្រី ម៉កថា អ៊ូវ៉ាន (Moctar Ouane) និងលោករដ្ឋមន្ត្រីការពារជាតិ សួឡៃម៉ាន ដូឃ្យួរ (Souleymane Doucoure) គឺត្រូវបានចាប់ខ្លួនទាំងអស់គ្នាតែម្តង យកទៅឃុំឃាំងជាបណ្តោះអាសន្ន នៅឯមូលដ្ឋានយោធាក្នុងតំបន់ កាទី (Kati) ស្ថិតនៅក្បែររដ្ឋធានី បាម៉ាកូ (Bamako)។

ការចាប់ខ្លួនមេដឹកនាំកំពូលៗ នៅក្នុងជួររដ្ឋាភិបាលបណ្តោះអាសន្នរបស់ម៉ាលី បាននិងកំពុងឲ្យអនាគតនៃប្រទេសនេះ មានភាពស្រពិចស្រពិលឡើងវិញ ក្រោយពីរដ្ឋប្រហារបានកើតឡើងកាលពីខែសីហា ឆ្នាំ២០២០ ដែលបានទម្លាក់លោក អ៉ីប្រាហ៊ីម បួបាខារ គៃតា (Ibrahim Boubacar Keita) ចេញពីតំណែងប្រធានាធិបតី។

បើតាមប្រភពដដែលបានបញ្ជាក់ថា ការចាប់ខ្លួនប្រធានាធិបតី, នាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីការពារជាតិ ត្រូវបានធ្វើឡើងក្រោយពីមានការរុះរើ គណៈរដ្ឋមន្ត្រីមួយ ហើយក្នុងនោះតំណែងមន្ត្រីយោធាសំខាន់ៗពីរនាក់ ដែលបានចូលរួមក្នុងការរឹបអូសអំណាចពីប្រធានាធិបតីមុន ត្រូវបានជំនួសដោយអ្នកថ្មីវិញ។ យ៉ាងណាក៏ដោយ កាលពីដើមសប្តាហ៍នេះ សហគមន៍អន្តរជាតិក៏បានជំរុញឲ្យយោធាម៉ាលី ដោះលែងថ្នាក់ដឹកនាំទាំងអស់ ដែលត្រូវបានចាប់ឃុំខ្លួននោះផងដែរ៕