(វ៉ាស៉ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន នៅថ្ងៃពុធសប្ដាហ៍នេះ (ពេលវេលានៅវ៉ាស៉ីនតោន) បានបញ្ជាឱ្យទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក តាមដានរកប្រភពដើមនៃ COVID-19 ហើយរាយការណ៍មកកាន់លោកវិញនៅអំឡុងពេល ៩០ថ្ងៃ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានចិន CGTN នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៧ ខែឧសភា ឆ្នាំ២០២១។

លោកប្រធានាធិបតី ចូ បៃដិន បានគូសបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលត្រូវបានចេញផ្សាយដោយសេតវិមានថា ទីភ្នាក់ងារនានាគួរតែ «បង្កើនកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេទ្វេដង ដើម្បីប្រមូល និងវិភាគព័ត៌មានដែលអាចនាំយើងឲ្យខិតទៅរក សេចក្តីសន្និដ្ឋានច្បាស់លាស់មួយ ហើយត្រូវរាយការណ៍មកខ្ញុំវិញ នៅក្នុងរយៈពេល ៩០ថ្ងៃ»

បើតាមលោក ចូ បៃដិន ទីភ្នាក់ងារពាក់ព័ន្ធទាំងឡាយនៅអាមេរិក កន្លងមកនេះបានបែងចែកប្រភពចំនួនពីរ ដែលអាចជាប្រភពដើមសម្រាប់វីរុស COVID-19 ដែលបានសម្លាប់មនុស្សជាង ៣.៥លាននាក់ នៅទូទាំងពិភពលោក។ ទោះជាយ៉ាងណាប្រភពទាំងពីរនេះ អ្នកជំនាញបាននិយាយថា ជាការប៉ាន់ស្មានមិនច្បាស់លាស់។

គួរបញ្ជាក់ថា បទបញ្ជារបស់លោក ចូ បៃដិន បានកើតឡើងបន្ទាប់ពីមាន ការលេចចេញព័ត៌មានសង្ស័យមួយចំនួន អំពីប្រភពដើមនៃ COVID-19 ដែលត្រូវបានចុះផ្សាយភាគច្រើន ដោយសារព័ត៌មាននានានៅអាមេរិកផ្ទាល់ ក្នុងអំឡុងពេលមួយសប្តាហ៍ចុងក្រោយនេះ។

ជុំវិញបញ្ហាខាងលើនេះ អង្គការសុខភាពពិភពលោក (WHO) ធ្លាប់បានបញ្ជាក់រួចទៅហើយថា វាមានលទ្ធភាពខ្ពស់ជាទីបំផុត ដែលវីរុសកូរ៉ូណា (COVID-19) មានប្រភពដើមចេញពីសត្វ រួចទើបចម្លងទៅកាន់មនុស្ស ហើយការដែលអះអាងថា វីរុសនេះត្រូវបានធ្លាយចេញពីមន្ទីរពិសោធន៍នោះ គឺជាការលើកឡើងដោយមិនត្រឹមត្រូវទាល់តែសោះ៕