(ហាណូយ)៖ នាយករដ្ឋមន្រ្តីវៀតណាមលោក Pham Minh Chen កាលពីថ្ងៃអង្គារសប្តាហ៍នេះបានបញ្ជាឲ្យទីភ្នាក់ងាររដ្ឋាភិបាល និងក្រសួងនានា អំពាវនាវរកការបរិច្ចាគពីសប្បុរសជន ដើម្បីចូលមូលនិធិទិញវ៉ាក់សាំងរបស់រដ្ឋ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន The Bloomberg នៅថ្ងៃពុធ ទី២៦ ខែឧសភា ឆ្នាំ២០២១។

សេចក្តីអំពាវនាវខាងលើនេះ បានធ្វើឡើងស្របពេលដែលប្រទេសវៀតណាម កំពុងប្រឈមនឹងរលកថ្មី នៃការឆ្លងរីករាលដាលជំងឺ COVID-19 ជាពិសេសនៅខេត្តភាគខាងជើងប្រទេស ដែលបានគំរាមកំហែងដល់តំបន់ឧស្សាហកម្មដែលប្រមូលផ្តុំដោយក្រុមហ៊ុនធំៗ ដូចជាក្រុមហ៊ុន Apple និង Samsung ជាដើម។

លោកនាយករដ្ឋមន្រ្តី បានអំពាវនាវឲ្យមន្ត្រីរដ្ឋាភិបាល បង្កើតយន្តការច្បាស់លាស់មួយដើម្បីរៃអង្គាសថវិកាពីសប្បុរសជនគ្រប់រូប ក្រុមហ៊ុន និងអង្គការនានាទាំងក្នុង និងក្រៅប្រទេស។ លោកសង្កត់ធ្ងន់ថា វៀតណាមត្រូវការកិច្ចប្រឹងប្រែងឲ្យកាន់តែខ្លាំងបន្ថែមទៀត ដើម្បីអនុវត្តយុទ្ធសាស្រ្តចាក់វ៉ាក់សាំងជាតិ។

ក្រសួងសុខាភិបាលវៀតណាមបានប៉ាន់ប្រមាណថា វានឹងត្រូវចំណាយប្រាក់ប្រហែល ២៥.២ពាន់លានដុង ឬស្មើនឹង ១.១ពាន់លានដុល្លារអាមេរិក ដើម្បីទិញវ៉ាក់សាំងចំនួន ១៥០លានដូសសម្រាប់ចាក់ជូនប្រជាជន ៧៥លាននាក់។

យ៉ាងណាមិញ បើយោងតាមក្រសួងហិរញ្ញវត្ថុបានឱ្យដឹងថា រដ្ឋាភិបាលបានបញ្ចេញទឹកប្រាក់ចំនួន ១៦ពាន់ពាន់លានដុង សម្រាប់ការទិញវ៉ាក់សាំង ដោយរំពឹងថាទឹកប្រាក់ចំនួន ៩.២ពាន់ពាន់លានដុងទៀត នឹងទទួលបានពីការបរិច្ចាគរបស់មន្ត្រីរដ្ឋាភិបាល និងអាជីវកម្មក្នុងស្រុក៕