(ប៉េកាំង)៖ មិនថាកាលពីអតីតកាល ឬមួយក៏បច្ចុប្បន្នកាលនោះទេ ស្បៀងអាហារគឺសំខាន់បំផុត សម្រាប់ទ្រទ្រង់អាយុជីវិត របស់មនុស្សជាតិគ្រប់រូប នៅលើភពផែនដីយើងនេះ។ យ៉ាងណាមិញ ក្នុងប្រវត្តិសាស្ត្ររបស់មនុស្សជាតិយើង វិបត្តិស្បៀងអាហារជា បញ្ហាប្រឈមដ៏ធំបំផុតចំពោះការអភិវឌ្ឍ សន្តិសុខសង្គម ស្ថិរភាពនិងវិបុលភាពនៃប្រទេសនីមួយៗ ក៏ដូចជាមានទំនាក់ទំនងយ៉ាងស្អិតល្មួត ជាមួយកត្តាដែលនាំឱ្យកើតមានភាពក្រីក្រផងដែរ។ មើលតាមប្រវត្តិសាស្ត្រ គ្រោះទុរ្ភិក្សធ្លាប់បានកើតឡើង នៅស្ទើរតែគ្រប់ប្រទេសទាំងអស់លើពិភពលោក ជាពិសេសគឺប្រទេសដែលមានចំនួនប្រជាជនច្រើន តែមានទិន្នផលស្បៀងអាហារមិនគ្រប់គ្រាន់។

និយាយពីប្រទេសចិន ដែលមានចំនួនប្រជាជនច្រើនជាងគេលើពិភពលោក បើយើងធ្លាប់ទស្សនា នូវរឿងភាគចិនបុរាណ ឬធ្លាប់ស្វែងយល់ពីប្រវត្តិសាស្ត្រចិន យើងនឹងឃើញថា មិនថាក្នុងសម័យកាលដ៏រុងរឿងថ្កុំថ្កើងយ៉ាងណាក្តី ក៏តែងមានគ្រោះទុរ្ភិក្សកើតឡើងនៅតំបន់មួយចំនួនដែរ។ ដូចនេះ តាំងពីបុរាណកាលមក ចិនក៏មានសុភាសិតមួយឃ្លាពោលថា៖ «ប្រជាជនតម្កល់ទុកស្បៀងអាហារ ជាទីបង្អែកសំខាន់បំផុតសម្រាប់ទ្រទ្រង់ការរស់នៅ»

អាស្រ័យហេតុនេះ ការធ្វើឱ្យប្រជាជនគ្រប់រូបហូបបានឆ្អែតមិនត្រឹមតែជា គោលនយោបាយសំខាន់បំផុត នៃការកាន់អំណាចរបស់ថ្នាក់ដឹកនាំជាតិគ្រប់ជំនាន់ នៃប្រទេសចិនរាប់តាំងពីសម័យបុរាណមកប៉ុណ្ណោះទេ ប៉ុន្តែក៏ជាទិសដៅខិតខំប្រឹងប្រែង របស់អ្នកវិទ្យាសាស្ត្រផ្នែកកសិកម្ម ជាច្រើនជំនាន់ផងដែរ។

ក្នុងចំណោមអ្នកវិទ្យាសាស្ត្រផ្នែកកសិកម្មល្បីៗរបស់ចិន លោក Yuan Longping បិតាស្រូវហាយប៊្រីត (ស្រូវបង្កាត់) របស់ប្រទេសចិន ដែលទើបទទួលមរណភាពកាលពីពេលថ្មីៗនេះ បានប្រើពេលពេញមួយជីវិតរបស់ខ្លួន ដើម្បីសិក្សាស្រាវជ្រាវអំពី ការបង្កាត់ពូជស្រូវដែលអាចហុចផលខ្ពស់។ ក្តីសុបិននិងឧត្តមគតិពេញមួយជីវិតរបស់លោកគឺ «ធ្វើឱ្យប្រជាជនទាំងអស់ លើពិភពលោកមិនរងភាពអត់ឃ្លាន»។ បច្ចុប្បន្ន លោកបានធ្វើឱ្យប្រជាជនចិនជាង ១,៤០០លាននាក់ មានស្បៀងអាហារបរិភោគបានគ្រប់គ្រាន់ ហើយមានប្រទេសជាច្រើនលើលោក ក៏បានដាំស្រូវបង្កាត់ដែលសិក្សាស្រាវជ្រាវដោយរូបលោក ក្នុងនោះក៏បូករួមទាំងប្រទេសកម្ពុជាផងដែរ។

លោក Parviz Koohafkan ប្រធានមូលនិធិបេតិភណ្ឌវប្បធម៌កសិកម្មពិភពលោក បានថ្លែងបន្ទាប់ពីមរណភាពរបស់លោក Yuan Longping ថា លោកបានចូលរួមចំណែកយ៉ាងធំធេង ចំពោះសន្តិសុខស្បៀងអាហារ និងការកាត់បន្ថយភាពក្រីក្រ នៃប្រទេសចិននិងពិភពលោក។ នៅក្នុងកាលៈទេសៈជាច្រើន លោក ស៊ី ជីនភីង ប្រធានរដ្ឋចិនតែងប្រើពាក្យ «ការសន្សំសំចៃជារឿងមានកិត្តិយស ការខ្ជះខ្ជាយជារឿងគួរឱ្យអាម៉ាស់» ដើម្បីលើកទឹកចិត្តនិងជំរុញ ឱ្យប្រជាជនចេះសន្សំសំចៃចំណីអាហារ។

ជាការពិតណាស់ បើទោះបីជាបច្ចុប្បន្ន ប្រជាជនចិនដែលស្ថិតក្រោមខ្សែបន្ទាត់ភាពក្រីក្រ បានចេញផុតពីភាពក្រីក្រទាំងអស់ហើយក្តី ប៉ុន្តែមេរៀនប្រវត្តិសាស្ត្របានបញ្ជាក់ថា ការខ្ជះខ្ជាយចំណីអាហារវាជាកត្តាដ៏សំខាន់មួយ ដែលបណ្តាលឱ្យកើតមានវិបត្តិស្បៀងអាហារ។
កាលពីពេលថ្មីៗកន្លងទៅនេះ «ច្បាប់ប្រឆាំងការខ្ជះខ្ជាយចំណីអាហារ» ដែលជាច្បាប់ដំបូងបង្អស់របស់ប្រទេសចិន ដែលមានចំណាត់ការតាមផ្លូវច្បាប់ ចំពោះសកម្មភាពខ្ជះខ្ជាយចំណីអាហារ បានចូលជាធរមាន។ ប្រការនេះមានន័យថា ទាំងសហគ្រាស រោងសិប្បកម្ម ភោជនីយដ្ឋាន ឬកន្លែងពាក់ព័ន្ធការផលិតស្បៀងនិងចំណីអាហារ ព្រមទាំងប្រជាពលរដ្ឋណា ដែលប្រព្រឹត្តសកម្មភាពខ្ជះខ្ជាយស្បៀងនិងចំណីអាហារ នឹងត្រូវប្រឈមមុខចំពោះការពិន័យតាមផ្លូវច្បាប់។

ជាក់ស្តែង ដូចដែលយើងទាំងអស់គ្នាបានដឹងហើយថា បច្ចុប្បន្ននេះ នៅលើពិភពលោកគឺមានប្រជាជនជាច្រើន កំពុងស្ថិតក្នុងភាពអត់ឃ្លានដដែល។ ប្រសិនជាមិនដាក់កំហិតចំពោះសកម្មភាពខ្ជះខ្ជាយទេនោះ វាអាចនឹងមានវិបត្តិស្បៀងអាហារកើតឡើង នៅតំបន់កាន់តែច្រើនឡើងៗជាមិនខាន។ ពាក្យចិនមួយឃ្លាពោលថា «ផឹកទឹកនឹកប្រភពដើម» ការសន្សំសំចៃចំណីអាហារមិនត្រឹមតែជាគុណធម៌ដ៏ល្អប្រពៃនោះទេ ប៉ុន្តែក៏ជាការគោរពចំពោះបុគ្គលទាំងឡាយ ដែលបានប្រើអស់កម្លាំងកាយចិត្តពេញមួយជីវិត ដើម្បីឱ្យយើងគ្រប់គ្នាមានអាហារបរិភោគបានគ្រប់គ្រាន់ផងដែរ ។

ក្រៅពីស្បៀងអាហារ ធនធានធម្មជាតិក៏ជាវត្ថុដែលមានកម្រិតផងដែរ ពោលគឺមិនមែនជារបស់ដែលយើង អាចប្រើដោយមិនចេះអស់នោះទេ ប្រសិនជាមនុស្សយើងមិនខិតខំអភិរក្ស និងប្រើប្រាស់ដោយសន្សំសំចៃនោះទេ វិបត្តិជាច្រើននឹងកើតឡើងផ្ទួនៗ ហើយមនុស្សជាតិយើង ក៏នឹងត្រូវរងគ្រោះជាបន្តបន្ទាប់ជាមិនខាន។

និយាយជារួម យើងទាំងអស់គួរតែមានមនសិការចេះសន្សំសំចៃ ដើម្បីរួមគ្នាកសាងពិភពលោកមួយ ដែលមានការអភិវឌ្ឍប្រកបដោយចីរភាព ក្នុងន័យបន្សល់ទុកធម្មជាតិដ៏ស្រស់ប្រិមប្រិយ និងធនធានធម្មជាតិដ៏សម្បូរបែប សម្រាប់មនុស្សជំនាន់ក្រោយៗទៀត៕

(អត្ថបទដោយ៖ តាំង ស៊ីឡេង ជាបុគ្គលិកនៃវិទ្យុមិត្តភាពកម្ពុជា-ចិន)