(វ៉ាស៊ីនតោន)៖ ក្រុមហ៊ុនផលិតវ៉ាក់សាំងអាមេរិក Pfizer បានចាប់ផ្ដើមធ្វើតេស្ដលើការចាក់វ៉ាក់សាំងបន្ថែមដូសទី ៣ ហើយ ដើម្បីបង្កើនប្រសិទ្ធភាពប្រឆាំងនឹង COVID-19 រួមទាំងវីរុសបំប្លែងខ្លួនថ្មី។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន NBC នៅរសៀលថ្ងៃអង្គារ ទី២៥ ខែឧសភា ឆ្នាំ២០២១។

តាមរយៈការធ្វើតេស្ដខាងលើ ក្រុមហ៊ុន Pfizer ក៏នឹងធ្វើការសិក្សាស្រាវជ្រាវផងដែរ ចំពោះការចាក់វ៉ាក់សាំង COVID-19 ព្រមគ្នាជាមួយវ៉ាក់សាំងធម្មតាមួយចំនួន ខណៈគេមើលឃើញថា ការវ៉ាក់សាំងបង្ការ COVID-19 ដូសទី ៣ នេះអាចនឹងក្លាយជាការចាក់វ៉ាក់សាំងជាប្រចាំឆ្នាំ ដូចជាការចាក់វ៉ាក់សាំងផ្ដាសាយ នៅក្នុងសហរដ្ឋអាមេរិក និងអឺរ៉ុបដែរ។

គួរបញ្ជាក់តាមក្រុមហ៊ុន Pfizer បានប្រកាសឱ្យដឹង នៅថ្ងៃចន្ទដើមសប្ដាហ៍នេះថា ខ្លួនបានចាប់ផ្ដើមការធ្វើតេស្ដលើវ៉ាក់សាំង COVID-19 ដូសទី ៣ បន្ទាប់ពី CEO ក្រុមហ៊ុនមួយនេះបានលើកឡើងថា អ្នកដែលបានចាក់វ៉ាក់សាំង «ពេញលេញ ឬ ០២ដូស» ក្រោយរយៈពេល ១២ខែ ទំនងជានឹងចាំបាច់ត្រូវចាក់វ៉ាក់សាំងបន្ថែមដូសទី ៣។

ក្នុងការធ្វើតេស្ដខាងលើនេះ ក៏មានគោលដៅសិក្សាផងដែរថា តើវ៉ាក់សាំងធម្មតាដទៃអាចចាក់ព្រមគ្នា ជាមួយដូសបន្ថែមនៃវ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុន Pfizer បានដែរឬក៏យ៉ាងណា ដ្បិតអ្នកចូលរួមនឹងត្រូវចាក់វ៉ាក់សាំងដូសបន្ថែម ឬដូសទី ៣ រួមជាមួយវ៉ាក់សាំងបង្ការជំងឺរលាកសួត មួយប្រភេទទៀត៕