(អាហ្សង់ទីន)៖ ការសិក្សាស្រាវជ្រាវថ្មីមួយបានបង្ហាញថាវ៉ាក់សាំងបង្ការ COVID-19 Sputnik V របស់រុស្ស៊ីមានប្រសិទ្ធភាពខ្ពស់ប្រឆាំងនឹងវីរុសបំប្លែងខ្លួនថ្មីដែល ត្រូវបានគេរកឃើញដំបូងនៅក្នុងប្រទេសប្រេស៊ីល។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២៥ ខែឧសភា ឆ្នាំ២០២១។

វីរុស COVID-19 បំប្លែងខ្លួនថ្មី ឬមានឈ្មោះសម្គាល់ថា P1 ដែលនៅពីក្រោយករណីស្លាប់ និងឆ្លងយ៉ាងគំហុកនៅក្នុងប្រទេសប្រេស៊ីលបានឆ្លងរាលដាលទូទាំង
តំបន់អាមេរិកឡាទីន។ ក្រុមអ្នកវិទ្យាសាស្ត្រនៅក្នុងប្រទេសប្រេស៊ីលបានរកឃើញថាវីរុសបំប្លែងខ្លួនថ្មីនេះថែមទាំងអាចតស៊ូប្រឆាំងនឹងអង់ទីករ ដោយបង្កឱ្យមានការ ព្រួយបារម្ភថាវាអាចនឹងបំផ្លាញប្រសិទ្ធភាពវ៉ាក់សាំង។

តែទោះជាយ៉ាងនេះក្ដី ក្រុមអ្នកវិទ្យាសាស្ត្រអាហ្សង់ទីន រួមទាំងរុស្ស៊ីបានអះអាងថាវ៉ាក់សាំង Sputnik V មានប្រសិទ្ធភាពខ្ពស់ប្រឆាំងនឹងវីរុសបំប្លែងខ្លួនថ្មីដ៏កាចសាហាវនេះ បន្ទាប់ពីចាក់ដូសទី១ ជាពិសេសគឺដូសទី២។ បើតាមការសិក្សានេះដដែល Sputnik V មានប្រសិទ្ធភាព ៨៥.៥ភាគរយប្រឆាំងនឹងវីរុសបំប្លែងខ្លួនថ្មី P1 នៅក្រោយ ចាក់ដូសទី១បាន១៤ថ្ងៃ ហើយអាចមានអង់ទីករជិត ១០០ភាគរយ នៅរយៈពេល ៤២ថ្ងៃក្រោយចាក់ដូសទី២។

គួរបញ្ជាក់ថា បើតាមគេហទំព័រ worldometer អាហ្សង់ទីនគិតត្រឹមថ្ងៃចន្ទដើមសប្ដាហ៍នេះមានអ្នកឆ្លង COVID-19 សរុប ៣.៥លាននាក់ ក្នុងនោះស្លាប់ ៧៤,៤៨០នាក់ និងជាសះស្បើយឡើងវិញ ៣.១៣លាននាក់៕