(ប៉េកាំង)៖ ក្រសួងការបរទេសចិននៅថ្ងៃចន្ទនេះ បានព្រមានសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងកុំឲ្យជ្រៀតជ្រែកចូលកិច្ចការហាកោះតៃវ៉ាន់ បន្ទាប់ពីមេដឹកនាំនៃប្រទេសទាំងពីរបានព្រមព្រៀងគ្នាកាលពីសប្តាហ៍មុនថា «ធ្វើការរួមគ្នាដើម្បីស្វែងរកសន្តិភាព និងស្ថេរភាពនៅតាមច្រកសមុទ្រតៃវ៉ាន់»។ នេះបយោងតាមការចេញផ្សាយដោយ សារព័ត៌មាន CGTN នៅថ្ងៃចន្ទ ទី២៤ ខែឧសភា ឆ្នាំ២០២១។

លោក Zhao Lijian អ្នកនាំពាក្យក្រសួងការទេសចិនបានប្រាប់សន្និសីទសារព័ត៌មានទៀងទាត់ មួយនៅទីក្រុងប៉េកាំងថា «ប្រទេសចិនមានការព្រួយបារម្ភអំពីខ្លឹមសារពាក់ព័ន្ធ នៃសេចក្តីថ្លែងការណ៍រួមរវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ហើយយើងជឿជាក់ថាការអភិវឌ្ឍ នៃទំនាក់ទំនងអាមេរិក-កូរ៉េខាងត្បូង គួរតែមានលក្ខណៈអំណោយផលក្នុងការលើកកម្ពស់សន្តិភាព និងស្ថេរភាពក្នុងតំបន់ ដោយមិនគួរបង្កអន្តរាយដល់ផលប្រយោជន៍របស់ភាគីទីបី រួមទាំងប្រទេសចិននោះទេ»

លោក Zhao បានសង្កត់ធ្ងន់ថា «សេចក្តីថ្លែងការណ៍រួមរបស់សហរដ្ឋអាមេរិក-កូរ៉េខាងត្បូង បានលើកឡើងពីកោះតៃវ៉ាន់ សមុទ្រចិនខាងត្បូង និងបញ្ហាផ្សេងទៀត។ បញ្ហាតៃវ៉ាន់ គឺជាកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិនសុទ្ធសាធ ហើយវាពាក់ព័ន្ធនឹងអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ចិនដែលរារាំងមិនឱ្យមានការជ្រៀតជ្រែកពីបរទេសជាដាច់ខាត»

មិនតែប៉ុណ្ណោះ អ្នកនាំពាក្យរូបនេះបានបន្ថែមទៀតថា «យើងទទូចដល់បណ្តាប្រទេសដែលពាក់ព័ន្ធឱ្យប្រយ័ត្នប្រយែងក្នុងប្រើប្រាស់ពាក្យសម្តីរបស់ពួកគេជុំវិញបញ្ហាកោះតៃវ៉ាន់ និងកុំប្រលែងលេងជាមួយភ្លើង»