(ប៉េកាំង)៖ គណៈកម្មការសុខាភិបាលជាតិចិន (NHC) បានប្រកាសនៅថ្ងៃចន្ទ ទី២៤ ខែឧសភា ឆ្នាំ២០២១នេះថា វ៉ាក់សាំងបង្ការជំងឺ COVID-19 ចំនួនជាង ៥០០លានដូសត្រូវបានផ្ដល់ការចាក់ជូនដល់ប្រជាជននៅទូទាំងប្រទេសចិន គិតត្រឹមថ្ងៃអាទិត្យម្សិលមិញ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានចិនស៉ីនហួរ។

បើតាម NHC វ៉ាក់សាំងបង្ការជំងឺ COVID-19 សរុបចំនួនជិត ៥១១លានដូសត្រូវបានផ្ដល់ការចាក់ជូនដល់ប្រជាជន នៅទូទាំងប្រទេសចិន គិតត្រឹមថ្ងៃអាទិត្យម្សិលមិញនេះ។ ប្រទេសចិនឥឡូវនេះ មានសមត្ថភាពផ្ដល់ការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ជូនដល់ប្រជាជនរបស់ខ្លួនរហូតដល់ ២០លានដូសក្នុងមួយថ្ងៃ ដែលនេះនៅតែជាចំនួនខ្ពស់ជាងគេបំផុត នៅលើពិភពលោក។

គួរបញ្ជាក់ថា ទោះបីជាប៉ុន្មានសប្តាហ៍មុននេះ មានការផ្ទុះករណីឆ្លង COVID-19 ក្នុងសហគមន៍នៃខេត្ត អានហ៊ុយ និង លាវនីង ក៏ដោយ ក៏ប្រទេសអាចធ្វើការគ្រប់គ្រងស្ថានការណ៍វិញ បានយ៉ាងឆាប់រហ័ស។ គិតត្រឹមពេលនេះចិនមានករណីឆ្លង COVID-19 សរុប ៩០,៩៩១ករណី ក្នុងនោះស្លាប់ ៤,៦៣៦នាក់ និងជាសះស្បើយវិញ ៨៦,០៣០នាក់៕