(អាមេរិក)៖ ប្រធានថ្មីនៃទីភ្នាក់ងារអវកាសអាមេរិក NASA នៅថ្ងៃពុធសប្តាហ៍នេះ បានធ្វើការលើកឡើងមួយចំនួន ពាក់ព័ន្ធកម្មវិធី អាថេមីស (Artemis) ដែលជាកិច្ចប្រឹងប្រែងបញ្ជូនអវកាសយានិកអាមេរិក ទៅកាន់ឋានព្រះច័ន្ទសាជាថ្មី ហើយនិងវិស័យអវកាសរបស់ចិន ប្រាប់សភាអាមេរិក។ នេះបើតាមការចេញផ្សាយ ដោយវែបសាយព័ត៌មាន Space នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២០ ខែឧសភា ឆ្នាំ២០២១។

វាគឺជាសវនាការសភាលើកដំបូង របស់លោក បៀល ណែលសុន (Bill Nelson) ក្នុងនាមជាប្រធានរបស់ NASA។ លោក Nelson បាននិយាយថា ចិនគ្រោងនឹងបញ្ជូនយានរ៉ូបូតចំនួន ០៣គ្រឿង ទៅកាន់តំបន់ប៉ូលខាងត្បូងរបស់ព្រះច័ន្ទ ក្នុងពេលប៉ុន្មានឆ្នាំទៀត ខណៈ NASA មានតែ ០១គ្រឿងប៉ុណ្ណោះ ដែលគ្រោងនឹងបញ្ជូនទៅកាន់ទីនោះ។ ប៉ូលខាងត្បូងរបស់ព្រះច័ន្ទ ជាកន្លែងគួរចាប់អារម្មណ៍ជាពិសេស សម្រាប់អ្នកវិទ្យាសាស្រ្ត ព្រោះតែទឹកកកនៅទីនោះ អាចប្រើប្រាស់ជាឥន្ធនៈរ៉ុក្កែត និងឧស្ម័នអុកស៉ីហ្សែន សម្រាប់អវកាសយានិក។

ដោយយោងតាមរបាយកាណ៍មួយចំនួន លោក Nelson បានបន្តថា ទីភ្នាក់ងារអវកាសចិន ក៏មានគោលដៅបញ្ជូនអវកាសយានិក ក្នុងបេសកកម្មហោះឆ្វែលមួយ ទៅកាន់ឋានព្រះច័ន្ទផងដែរ ហើយបន្ទាប់មកនឹងមានការចុះចតតែម្តងថែមទៀត ក្នុងពេលណាមួយ នៅទសវត្សរ៍ឆ្នាំ២០២០នេះ។ បន្ទាប់ពីនិយាយទាក់ទងព្រះច័ន្ទ លោក Nelson ថែមទាំងបានលើកបង្ហាញរូបភាព ដែលយានរ៉ូបូតចិន Zhurong ថតបាននៅលើផ្ទៃភពអង្គារ (Mars)។

កំលុងសវនាការខាងលើ ក្រុមសមាជិកសភាអាមេរិក ក៏បានបង្ហាញពីការបារម្ភពាក់ព័ន្ធទៅនឹង កម្មវិធី Artemis ផងដែរ ដោយពួកគេបានរិះគន់ NASA ជុំវិញការផ្តល់កិច្ចសន្យាឲ្យក្រុមហ៊ុន SpaceX ទាំងស្រុង សម្រាប់ការអភិវឌ្ឍយានចុះចតនៅលើផ្ទៃព្រះច័ន្ទ ដែលវាបង្កឲ្យមានការតវ៉ាពីគូប្រកួត ០២ផ្សេងទៀតគឺក្រុមហ៊ុន Blue Origins និង ដាយណេធិចស៍ (Dynetics)។ ពេលនោះ លោក Nelson មិនទាន់ចូលកាន់តំណែងនៅឡើយទេ។

គួរបញ្ជាក់ថា ជាចុងក្រោយទាក់ទងនឹងកាលបរិច្ឆេទនៃការចេញបេសកកម្ម Artemis 1 ដែលជាការបញ្ជូនយានអវកាស ធ្វើដំណើរក្រឡឹង ជុំវិញព្រះច័ន្ទដោយពុំមានអវកាសយានិកនោះ លោក Nelson បានប្រាប់ថា វាអាចប្រព្រឹត្តទៅនៅខ្ទង់ចុងឆ្នាំនេះតាមការគ្រោងទុក បើទោះបីជាការតេស្តប្រព័ន្ធគ្រាប់រ៉ុក្កែត SLS របស់ NASA បានជួបបញ្ហាមួយចំនួនក៏ដោយ៕