(ម៉ូស្គូ)៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក ស៊ឺហ្គៃ ឡាវរ៉ូវ (Sergei Lavrov) បាននិយាយដោយរំពឹងថា មេដឹកនាំសហរដ្ឋអាមេរិក និងរុស្ស៊ីអាចនឹងរកច្រកចេញមួយ ដើម្បីស្ដារឡើងវិញនូវទំនាក់ទំនងរវាងប្រទេសទាំងពីរ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២០ ខែឧសភា ឆ្នាំ២០២១។

ទីភ្នាក់ងារព័ត៌មាន Reuters ធ្វើសេចក្ដីរាយការណ៍បែបនេះ ដោយផ្អែកលើទីភ្នាក់ងារព័ត៌មានរុស្ស៊ី អ៊ីនធើហ្វាស (Interfax) និងបន្ទាប់ពីបញ្ចប់ជំនួបរវាងលោក Sergei Lavrov និងរដ្ឋមន្ត្រីការបរទេសអាមេរិក លោក អាន់ថូនី ប្លីងគែន (Antony Blinken) ក្នុងទីក្រុង រ៉េកហ្សាវីក (Reykjavik) ប្រទេសអ៉ីស្លង់ នៅថ្ងៃពុធសប្ដាហ៍នេះ។ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីក៏បានចាត់ទុកផងដែរថា ជំនួបជាមួយលោក Blinken បានប្រព្រឹត្តទៅដោយលក្ខណៈស្ថាបនា។ ប៉ុន្តែ លោក Lavrov បានបដិសេធឆ្លើយនឹងសំណួរថា តើទីក្រុងម៉ូស្គូនឹងទទួលយកសំណើរៀបចំកិច្ចប្រជុំកំពូលរុស្ស៊ី-អាមេរិក ដែរឬក៏យ៉ាងណានោះទេ។

គួរបញ្ជាក់ថា ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងរុស្ស៊ីបានឡើងកម្ដៅខ្លាំងចាប់តាំងពីលោក ចូ បៃដិន ស្បថចូលកាន់តំណែងជាប្រធានាធិបតី ដោយលោក បៃដិន ផ្ទាល់បានដាក់ទណ្ឌកម្មប្រឆាំងរុស្ស៊ី ហើយថែមទាំងហៅលោក វ្ល៉ាឌីមៀ ពូទីន ថាជាឃាតកទៀតផង។ ជាការឆ្លើយតបនឹងភាពល្អក់កករនេះ រុស្ស៊ីកាលពីពេលថ្មីៗនេះ បានសម្រេចបញ្ចូលសហរដ្ឋអាមេរិកទៅក្នុងបញ្ជី «ប្រទេសអមិត្ត»៕