(ហ្គាហ្សា)៖ មន្ត្រីជាន់ខ្ពស់ក្រុមហាម៉ាស់ម្នាក់បានព្យាករថានឹងមានបទឈប់បាញ់មួយ នៅរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ ខណៈអ៉ីស្រាអែល និងក្រុមហាម៉ាស់ ក្នុងតំបន់ហ្គាហ្សានៅតែបន្តវាយប្រយុទ្ធគ្នាឈានចូលដល់ថ្ងៃទី១១ហើយនៅថ្ងៃព្រហស្បតិ៍នេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២០ ខែឧសភា ឆ្នាំ២០២១។

ប្រធានាធិបតីអាមេរិក លោក ចូ បៃដិនបានជំរុញឱ្យនាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Benjamin Netanyahu បន្ធូរបន្ថយជម្លោះឆ្ពោះទៅរកបទឈប់បាញ់ ហើយ ប្រភពពីក្រុមមន្ត្រីអេហ្ស៊ីបបានឱ្យដឹងដែរថាភាគីពាក់ព័ន្ធបានព្រមព្រៀងគ្នាលើគោលការណ៍ទទួលយកបទឈប់បាញ់ តែមិនទាន់មានការបញ្ជាក់លម្អិតអ្វីនៅឡើយ នោះទេស្របពេលកិច្ចចរចានៅតែបន្តធ្វើឡើងជាសម្ងាត់។

ជុំវិញបទឈប់បាញ់នេះដែរ ថ្លែងបា្រប់ទូរទស្សន៍លីបង់ al-Mayadeen TV មន្ត្រីកិច្ចការនយោបាយរបស់ក្រុមហាម៉ាស់ លោក មូសសា អាប៊ូ ម៉ាហ្សូក (Moussa Abu Marzouk) បានគូសបញ្ជាក់ដូច្នេះថា៖ «ខ្ញុំគិតថាកិច្ចខិតខំប្រឹងប្រែងលើបទឈប់បាញ់នឹងទទួលបានជោគជ័យ...ហើយខ្ញុំរំពឹងថាអាចនឹងមានបទឈប់បាញ់ មួយក្នុងរយៈពេល២ទៅ៣ថ្ងៃខាងមុខនេះ ដោយឈរលើគោលការណ៍ឯកភាពគ្នាទៅវិញទៅមក»

គួរបញ្ជាក់ថា ជនជាតិប៉ាឡេស្ទីន ២២៨នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមផ្លូវអាកាសរបស់អ៉ីស្រាអែលចាប់តាំងពីជម្លោះផ្ទុះឡើងកាលពីថ្ងៃទី១០ ខែឧសភា រីឯខាងភាគីអ៉ីស្រាអែលមានមនុស្សស្លាប់១២នាក់ នៅក្នុងការវាយប្រហារដោយគ្រាប់រ៉ុក្កែតរបស់ក្រុមហាម៉ាស់៕