(បរទេស)៖ ប្រទេសអារ៉ាប៊ីសាអូឌីតបានប្រកាសនៅថ្ងៃអាទិត្យថា ជនបរទេសដែលចូលមកកាន់ប្រទេសនេះ តាមជើងហោះហើរពីប្រទេសជាច្រើន នឹងមិនចាំបាច់ត្រូវធ្វើចត្តាឡីស័កទៀតនោះឡើយ ប្រសិនបើពួកគេមានការបញ្ជាក់ថា បានចាក់វ៉ាក់សាំងបង្ការ COVID-19 រួចរាល់។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នាព្រឹកថ្ងៃចន្ទ ទី១៧ ខែឧសភា ឆ្នាំ២០២១។

ដោយឡែកអ្នកធ្វើដំណើរមកពីប្រទេសចំនួន ២០ ក្នុងនោះរួមមានទាំង សហរដ្ឋអាមេរិក ឥណ្ឌា ចក្រភពអង់គ្លេស អាល្លឺម៉ង់ បារាំង និងអេមីរ៉ាត់អារ៉ាប់រួមផងដែរ នឹងត្រូវបន្តហាមមិនឲ្យចូលមកក្នុង រាជាណាចក្រអារ៉ាប់មួយនេះដដែល ដោយស្ថិតនៅក្នុងការបន្តអនុវត្តវិធានការ ទប់ស្កាត់ការឆ្លងរាតត្បាត COVID-19។

ការអនុវត្តករណីលើកលែងចត្តាឡីស័កខាងលើនេះ នឹងត្រូវធ្វើឡើងចាប់ពីពីថ្ងៃទី២០ ខែឧសភា ខាងមុខនេះតទៅ ដោយជនបរទេសមកពីបណ្តាប្រទេស ដែលមិនស្ថិតនៅក្នុងបម្រាម អាចចូលមកកាន់អារ៉ាប៊ីសាអូឌីតបានតាមផ្លូវអាកាស ដោយមិនចាំបាច់តម្រូវឲ្យធ្វើចត្តាឡីស័កឡើយ ប្រសិនបើពួកគេមានការបញ្ជាក់ជាផ្លូវការថា បានចាក់វ៉ាក់សាំងបង្ការ COVID-19 រួចរាល់។

គួរបញ្ជាក់ថា កន្លងមកនេះអ្នកធ្វើដំណើរ ចូលមកកាន់អារ៉ាប៊ីសាអូឌីត នឹងត្រូវកំណត់ឲ្យធ្វើចត្តាឡីស័ករយៈពេលចាប់ពី ៧ថ្ងៃ ដល់ ១៤ថ្ងៃ អាស្រ័យទៅលើប្រទេស ដែលពួកគេបានធ្វើដំណើរមក។ ស្ថិតនៅក្រោមច្បាប់ថ្មី ដែលនឹងចាប់អនុវត្តពីថ្ងៃទី២០ ខែឧសភា មនុស្សគ្រប់គ្នាដែលមានអាយុលើសពី ៨ឆ្នាំឡើងទៅ ដែលមិនទាន់បានទទួលការចាក់វ៉ាក់សាំង ក៏នឹងតម្រូវឲ្យធ្វើចត្តាឡីស័ករយៈពេល ៧ថ្ងៃដដែឡ ទៅតាមលទ្ធភាពរបស់ពួកគេ ហើយត្រូវធ្វើតេស្តរក COVID-19 ជាលើកចុងក្រោយនៅថ្ងៃទី ៦ នៃការធ្វើចត្តាឡីស័ក៕