(ហ្គាហ្សា)៖ អគារមួយដែលជាទីស្នាក់ការរបស់បណ្ដាប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ ក្នុងនោះរួមមានទាំងសារព័ត៌មាន Al Jazeera និងទីភ្នាក់ងារព័ត៌មាន Associated Press (AP) ត្រូវបានបំផ្លាញដោយសារតែការវាយប្រហារតាមផ្លូវអាកាសរបស់យោធាអ៉ីស្រាអែលនៅថ្ងៃសៅរ៍នេះ។ នេះបើតាមការ ចេញផ្សាយដោយសារព័ត៌មាន Al Jazeera នៅថ្ងៃសៅរ៍ ទី១៥ ខែឧសភា ឆ្នាំ២០២១។

ភ្លាមៗ មិនទាន់មានការបញ្ជាក់ថាមានអ្នកស្លាប់ ឬរងរបួសនៅក្នុងការវាយប្រហារនេះនៅឡើយទេ តែមានសេចក្ដីរាយការណ៍ថាយោធាអ៉ីស្រាអែល បានព្រមានឱ្យអ្នកសារព័ត៌មាននៅក្នុងអគារខាងលើជម្លៀសខ្លួន មួយម៉ោងមុននឹងបើកការវាយប្រហារ។

គួរបញ្ជាក់ថា ការវាយប្រយុទ្ធគ្នារវាងអ៉ីស្រាអែល និងក្រុមហាម៉ាស់ក្នុងតំបន់ហ្គាហ្សាបានឈានចូលដល់ថ្ងៃទី០៦ហើយ រីឯជនជាតិប៉ាឡេស្ទីនដែលស្លាប់ នៅក្នុងការវាយប្រហារតាមផ្លូវអាកាសរបស់អ៉ីស្រាអែលកើនដល់ ១៤០នាក់ ក្នុងនោះមានកុមារ៣៩នាក់ និងស្រ្តី២២នាក់ ខណៈភាគីអ៉ីស្រាអែលមាន អ្នកស្លាប់យ៉ាងហោច៩នាក់៕