(ប៉េកាំង)៖ កំណាត់បន្ទប់ឈ្មោះ Tianhe ដែលជាធាតុស្នូលនៃស្ថានីយអវកាសចិន ព្រមទាំងគ្រាប់រ៉ុក្កែតដឹកជញ្ជូន Long March-5B Y2 ត្រូវបានយកទៅដាក់នៅកន្លែងបាញ់បង្ហោះ នៃមូលដ្ឋានបង្ហោះយានអវកាស Wenchang ដែលស្ថិតនៅខេត្ត Hainan ភាគខាងត្បូងនៃប្រទេសចិនហើយ នាថ្ងៃសុក្រនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន CGTN នាថ្ងៃសុក្រ ទី២៣ ខែមេសា ឆ្នាំ២០២១។

យោងតាមកាលវិភាគ ដែលត្រូវបានកំណត់កន្លងមក ចិននឹងប្រើប្រាស់គ្រាប់រ៉ុក្កែត Long March-5B Y2 ដើម្បីបញ្ជូនកំណាត់បន្ទប់ស្នូល Tianhe ឡើងទៅកាន់ទីអវកាស នៅចុងខែមេសានេះ ដែលវានឹងជាជំហានចាប់ផ្តើមដំបូង នៃការសាងសង់ស្ថានីយអវកាសផ្ទាល់ខ្លួន របស់ប្រទេសចិន។

គួរបញ្ជាក់ថា ក្រោយពីកំណាត់បន្ទប់ Tianhe ឡើងទៅដល់ទីអវកាស ដោយជោគជ័យហើយនោះ ចិនគ្រោងបញ្ជូនកំណាត់បន្ទប់ផ្សេងៗទៀត រួមទាំងចេញបេសកកម្មដឹកជញ្ជូនសម្ភារៈ និងអវកាសយានិកផងដែរ ដើម្បីបញ្ចប់ការសាងសង់ស្ថានីយអវកាសអវកាសរបស់ខ្លួន ឲ្យរួចរាល់ជាស្ថាពរនៅចុងឆ្នាំ២០២២។ នាពេលនោះ ស្ថានីយអវកាសចិន នឹងក្លាយជាស្ថានីយអវកាសពេញលេញតែមួយគត់ ក្រៅពីស្ថានីយអវកាសអន្តរជាតិ ISS៕