(ម៉ូស្គូ)៖ ឆ្លើយតបទៅនឹងការដាក់ទណ្ឌកម្មថ្មីប្រឆាំងនឹងរុស្ស៊ី និងការបណ្តេញអ្នកការទូតរបស់ខ្លួន អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីលោកស្រី Maria Zakharova បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ទីក្រុងវ៉ាស៊ីនតោនត្រូវតែដឹងថា នឹងត្រូវបង់ថ្លៃដ៏សមរម្យមួយ សម្រាប់ការធ្វើឲ្យខ្សោះជីវជាតិក្នុងទំនាក់ទំនងអាមេរិក-រុស្ស៊ី។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃព្រហស្បតិ៍ ទី១៥ ខែមេសា ឆ្នាំ២០២១។

លោកស្រី Zakharova បានប្រាប់សន្និសីទសារព័ត៌មាននៅថ្ងៃនេះថា «អាកប្បកិរិយាឈ្លានពានបែបនេះត្រូវបានជំទាស់យ៉ាងខ្លាំង។ ការឆ្លើយតបចំពោះការដាក់ទណ្ឌកម្មថ្មីនេះនឹងមិនអាចជៀសផុតឡើយ... ការទទួលខុសត្រូវចំពោះអ្វីដែលកំពុងកើតឡើងគឺអាស្រ័យលើសហរដ្ឋអាមេរិកទាំងមូល»

ទន្ទឹមគ្នានោះ អ្នកនាំពាក្យការបរទេសរូបនេះបានសង្កត់ធ្ងន់ថា រុស្ស៊ីបានព្រមានសហរដ្ឋអាមេរិកម្តងហើយម្តងទៀត អំពីផលវិបាកនៃសកម្មភាពអរិភាពរបស់ខ្លួន ដែលបញ្ជាក់ពីកម្រិត នៃការប្រឈមមុខរវាងប្រទេសទាំងពីរ។

គួរបញ្ជាក់ថា នៅព្រឹកថ្ងៃនេះសហរដ្ឋអាមេរិកបានសម្រេចដាក់ទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ី និងបណ្តេញអ្នកការទូតចំនួន ១០នាក់ ដើម្បីជាការឆ្លើយតបនឹងការជ្រៀតជ្រែកការបោះឆ្នោត និងការវាយប្រហារតាមអ៊ិនធឺរណែត ដែលត្រូវបានចោទប្រកាន់ថាទីក្រុងមូស្គូ គឺជាអ្នកនៅពីក្រោយខ្នង៕