(កាប៊ុល)៖ អ្នកនាំពាក្យការិយាល័យប្រធានាធិបតីអាហ្គានីស្ថាន លោក Dawa khan Minapal នៅថ្ងៃព្រហស្បតិ៍នេះ បាននិយាយថា រដ្ឋាភិបាលអាហ្គានីស្ថាន គោរពសេចក្តីសម្រេចចិត្តរបស់សហរដ្ឋអាមេរិក ស្តីពីការដកកងទ័ពចេញពីប្រទេសរបស់ខ្លួន។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មានចិនស៉ីនហួរ នៅព្រហស្បតិ៍ ទី១៥ ខែមេសា ឆ្នាំ២០២១។

បើតាមលោក Minapal ប្រធានាធិបតីអាហ្គានីស្ថាន និងប្រធានាធិបតីអាមេរិក បានធ្វើការសន្ទនាតាមទូរស័ព្ទ កាលពីយប់ថ្ងៃពុធម្សិលមិញ ដោយពិភាក្សាអំពីការសម្រេចចិត្តរបស់សហរដ្ឋអាមេរិក ក្នុងការដកកងទ័ពទាំងអស់ចេញពី ប្រទេសអាហ្គានីស្ថាននៅត្រឹមថ្ងៃទី១១ ខែកញ្ញាខាងមុខ។

លោក Menapal បានដកស្រង់សម្តីប្រធានាធិបតីអាហ្គានីស្ថាន លោក ម៉ាហាំម៉េដ អាស្រាហ្វ ហ្គានី (Mohammad Ashraf Ghani) ថា «នៅយប់នេះ ខ្ញុំបានសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីអាមេរិក លោក ចូ បៃដិន (Joe Biden) ដែលយើងបានពិភាក្សាអំពី ការសម្រេចចិត្តរបស់សហរដ្ឋអាមេរិក ក្នុងការដកកងទ័ពរបស់ខ្លួនចេញពី ប្រទេសអាហ្គានីស្ថាន នៅត្រឹមដើមខែកញ្ញាខាងមុខ។ សាធារណរដ្ឋអ៊ីស្លាមអាហ្គានីស្ថាន គោរពសេចក្តីសម្រេចចិត្តរបស់សហរដ្ឋអាមេរិក ហើយយើងនឹងធ្វើការជាមួយដៃគូអាមេរិករបស់យើង ដើម្បីធានាបាននូវការផ្លាស់ប្តូរមួយ ដោយមានភាពរលូនទៅមុខ»

ថ្ងៃទី១១ ខែកញ្ញា ខាងមុខ គឺជាខួបលើកទី២០ នៃការវាយប្រហារភេរវកម្ម ដែលអូសទាញសហរដ្ឋអាមេរិក ធ្លាក់ចូលទៅក្នុងសង្គ្រាមនៅអាហ្គានីស្ថាន។ សេចក្តីសម្រេចចុងក្រោយរបស់សហរដ្ឋអាមេរិកនេះ គឺយូរជាងកាលបរិច្ឆេទកំណត់កន្លងមក ដែលត្រូវបានចរចារវារដ្ឋបាលអាមេរិកអាណត្តិមុន និងក្រុមឧទ្ទាមតាលីបង់ កាលពីឆ្នាំ២០២០ ដែលតម្រូវឲ្យដកទ័ពអាមេរិកចេញពីអាហ្វហ្គានីស្ថាន នៅថ្ងៃទី០១ ខែឧសភា។

គួរបញ្ជាក់ថា បើតាមមន្ទីរបញ្ចកោណ (ក្រសួងការពារជាតិអាមេរិក) មានកងទ័ពអាមេរិកប្រហែល២,៥០០នាក់ កំពុងឈរជើងនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយអាមេរិក នាពេលថ្មីៗនេះ បាននិយាយថា ចំនួននេះមិនបានរាប់បញ្ចូលកងកម្លាំងពិសេសអាមេរិកចំនួន ១,០០០នាក់នៅក្នុងប្រទេសនេះទេ។ ក្រៅពីនេះ មានកងទ័ពណាតូ (NATO) ប្រមាណ ៧,០០០នាក់ទៀត នៅក្នុងអាហ្វហ្គានីស្ថាន ដែលពឹងផ្អែកលើភ័ស្តុភារ និងការគាំទ្រសន្តិសុខរបស់សហរដ្ឋអាមេរិក៕