(វ៉ាស៊ីនតោន)៖ ភាពតានតឹងបានផ្ទុះឡើងសារជាថ្មីដោយកងទ័ពរំដោះប្រជាជនចិន PLA នៅថ្ងៃព្រហស្បតិ៍ ទី១៥ ខែមេសានេះបានចាប់ផ្ដើមធ្វើសមយុទ្ធយោធា បាញ់គ្រាប់ពិតយ៉ាងគគ្រឹកគគ្រេងនៅឯតំបន់ ដែនទឹកស្ថិតនៅភាគនីរតីកោះតៃវ៉ាន់។ សមយុទ្ធបាញ់គ្រាប់ពិតដែលមានរយៈពេល ៦ថ្ងៃនេះត្រូវបានយោធាចិនហៅថាជា «សមយុទ្ធត្រៀមប្រយុទ្ធ» និងធ្វើឡើងចំពលរដ្ឋបាលលោកប្រធានាធិបតី ចូ បៃដិនបានបញ្ជូនប្រតិភូអាមេរិកមួយក្រុមបំពេញទស្សនកិច្ចក្រៅផ្លូវការមកកាន់ដែនកោះ មួយនេះដើម្បីបង្ហាញពីការប្ដេជ្ញាចិត្តរបស់ខ្លួនចំពោះទីក្រុងតៃប៉ិ។

ការកើនឡើងជាថ្មីនូវភាពតានតឹងបានញុំាងឱ្យសាធារណមតិខ្លះបារម្ភពីលទ្ធភាពនៃការផ្ទុះសង្រ្គាម។ ចិនធ្លាប់បានព្រមានជារឿយៗថានឹងប្រើប្រាស់កម្លាំងយោធា បង្រួបប្រងួមកោះតៃវ៉ាន់នៅក្នុងករណីចាំបាច់ ហើយពេលខ្លះទីក្រុងប៉េកាំងក៏បានព្រលយចង់បង្រួបបង្រួមជាមួយកោះតៃវ៉ាន់ដោយសន្តិវិធីផងដែរ។ តាមការពិតទៅ ជម្រើសប្រើកម្លាំងយោធាគឺចិនបានត្រៀមនៅលើតុរួចជាស្រេច ក៏ប៉ុន្តែវាមិនអាចកើតឡើងក្នុងរយៈពេលដ៏ខ្លី ហើយក៏គ្មាននរណាដឹងច្បាស់ថាជម្រើសបែបនេះ នឹងកើតឡើងនៅពេលណានោះដែរ។

អ្នកប្រាជ្ញាសង្រ្គាមដែលជាដូនតារបស់ចិនគឺ ស៊ុន អ៊ូ (Sun Tzu) បាននិយាយថា «ក្បួនសឹកសង្រ្គាមដ៏អស្ចារ្យបំផុតគឺយកឈ្នះសត្រូវដោយមិនបាច់ច្បាំង រីឯមធ្យោបាយ ដ៏ល្អដើម្បីប្រយុទ្ធជាមួយសត្រូវ ទីមួយ៖ គឺត្រូវប្រើយុទ្ធសាស្ត្រ, ទីពីរ៖ត្រូវប្រើការទូត និងទីបី៖ គឺត្រូវប្រយុទ្ធជាមួយសត្រូវដោយផ្ទាល់តែម្ដង»។ មេទ័ពស៊ុន អ៊ូ ដែលឱ្យតម្លៃ លើយុទ្ធសាស្ត្រឈ្នះដោយមិនចាច់ច្បាំងក៏បាននិយាយដែរថា៖ «បើគ្មានប្រយោជន៍កុំចេញច្បាំង បើទ័ពមិនខ្លាំងកុំធ្វើសង្រ្គាម»។ ក្នុងពេលបច្ចុប្បន្នចិនដឹងខ្លួនឯងថា មិនមែនជាដៃគូរបស់សហរដ្ឋអាមេរិកដែលជាខ្នងបង្អែកដ៏ធំរបស់តៃវ៉ាន់ និងមានមូលដ្ឋានទ័ពរាប់រយកន្លែងនៅជុំវិញពិភពលោកនោះទេ។ ពោលគឺបើសង្រ្គាមផ្ទុះឡើង ចង់ឬមិនចង់ សហរដ្ឋអាមេរិកនឹងត្រូវបង្ខំចិត្តអន្តរាគមន៍ចូលជួយតៃវ៉ាន់ ហើយបើអាមេរិកធ្វើអន្តរាគមន៍ សម្ព័ន្ធមិត្តដូចជាអង់គ្លេស អូស្រ្តាលី ឬជប៉ុនជាដើមក៏ប្រហែលជា នឹងចូលរួមដូចគ្នាដែលនឹងធ្វើឱ្យចិនត្រូវប្រឈមមុខនឹងសត្រូវគ្រប់ទិស។

បើតាមក្រុមអ្នកជំនាញភូមិសាស្ត្រនយោបាយ តៃវ៉ាន់ជាតំបន់យុទ្ធសាស្ត្រដ៏សំខាន់ដែលអាមេរិកត្រូវការជាចាំបាច់ដើម្បីបិទខ្ទប់ការពង្រីករបស់ចិន ហើយបើតៃវ៉ាន់ធ្លាក់ ចូលក្នុងដៃរបស់ចិនពិតមែន នោះដែនកោះយុទ្ធសាស្ត្រសំខាន់មួយនេះនឹងក្លាយជាមូលដ្ឋានទ័ពជើងទឹករបស់ចិនដែលគំរាមកំហែងធ្ងន់ធ្ងរដល់ផលប្រយោជន៍អាមេរិកនៅក្នុងតំបន់ទាំងមូល។ ដូច្នេះចិនប្រហែលជាមិនអាចបំភ្លេចពាក្យបណ្ដាំដូនតារបស់ខ្លួនឡើយ ហើយក៏ប្រហែលជាកំពុងប្រើប្រាស់យុទ្ធសាស្ត្រឈ្នះដោយមិនបាច់ច្បាំង នេះដែរ។

*បញ្ជាក់គេឯងថាតៃវ៉ាន់ជាកម្មសិទ្ធិផ្ដាច់មុខរបស់ចិន

នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ចិនបានទទួលជោគជ័យក្នុងការលុបបំបាត់ចោលនូវបទដ្ឋានដ៏យូរអង្វែងស្ដីពីដែនអាកាសតៃវ៉ាន់។ កាលពីឆ្នាំ២០១៦ ចិនបានបញ្ជូន យន្ដហោះចម្បាំងជាច្រើនគ្រឿងចូលក្នុងដែនអាកាសតៃវ៉ាន់ជាញឹកញប់។ នៅឆ្នាំ២០១៩ យន្ដហោះចម្បាំងចិនចាប់ផ្ដើមហោះឆ្លងកាត់ខ្សែបន្ទាត់ដែលខណ្ឌចែករវាងចិន និងកោះតៃវ៉ាន់ ហើយក្នុងឆ្នាំ២០២០ សកម្មភាពយន្ដហោះចម្បាំងចិនហោះចូលក្នុងដែនអាកាសបានកា្លយជារឿងធម្មតាទៅហើយ។ នៅខែកញ្ញា ឆ្នាំ២០២០ យន្ដហោះចម្បាំងចិន ៣៧គ្រឿងបានឆ្លងកាត់ខ្សែបន្ទាត់ដែលខណ្ឌចែករវាងចិន និងកោះតៃវ៉ាន់។ ក្នុងឆ្នាំ២០២០ដូចគ្នា យន្ដហោះចម្បាំងចិនក៏ត្រូវបានគេរាយការណ៍ ផងដែរថាបានហោះចូលក្នុងតំបន់ការពារដែនអាកាសនៃកោះតៃវ៉ាន់ (ADIZ) ៣៨០លើកដែលនេះជាតួលេខច្រើនបំផុតគិតចាប់តាំងពីវិបត្តិច្រកសមុទ្រតៃវ៉ាន់ឆ្នាំ១៩៩៦ មក។

កាលពីថ្ងៃទី១៣ ខែមេសាថ្មីៗនេះ យន្ដហោះចម្បាំងចិន ២៥គ្រឿងបានហោះចូលតំបន់ការពារដែនអាកាសនៃកោះតៃវ៉ាន់ ហើយគិតត្រឹមខែតុលា ឆ្នាំ២០២០កន្លងទៅ តៃវ៉ាន់បានអះអាងថាពួកគេបានបញ្ជូនយន្ដហោះចម្បាំងឱ្យតាមស្ទាក់ដេញយន្ដហោះចម្បាំងចិនឱ្យចេញពីដែនអាកាសរបស់ខ្លួន ២,៩៧២លើក ហើយគិតត្រឹមខែវិច្ឆិកា ឆ្នាំដដែល នាវាចម្បាំងតៃវ៉ាន់បានដេញស្ទាក់នាវាចិន ១,២២៣លើកឯណោះ ឬកើនឡើង៥០ភាគរយធៀបទៅនឹងឆ្នាំ២០១៩។ សកម្មភាពយន្ដហោះនិងនាវារបស់ចិន ទាំងនេះគឺចិនចង់បញ្ជាក់ប្រាប់ពិភពលោកថាតៃវ៉ាន់ជាកម្មសិទ្ធិផ្ដាច់មុខរបស់ចិន ហើយគ្មានឡើយដែនអាកាសតៃវ៉ាន់ ពោលគឺមានតែដែនអាកាសចិនតែប៉ុណ្ណោះ។

*សង្រ្គាមចិត្តសាស្ត្រ និងអំណាចការទូត

លោក ជែមស៍ ហួង (James Huang) ជាអតីតមន្ត្រីយោធាតៃវ៉ាន់ និងបច្ចុប្បន្នជាអ្នកជំនាញយោធាម្នាក់យល់ថាចិនកំពុងប្រើប្រាស់សង្រ្គាមចិត្តសាស្ត្រ, ការបំភិតភ័យ តាមរយៈសកម្មភាពយោធាដើម្បីដាក់សម្ពាធលើតៃវ៉ាន់ជាជាងប្រើប្រាស់កម្លាំងយោធា។ អ្នកជំនាញរូបនេះបន្ថែមទៀតថាយុទ្ធសាស្ត្រទាំងនេះគឺចិនចង់ប្រាប់រដ្ឋាភិបាល ទីក្រុងតៃប៉ិ និងប្រជាជនតៃវ៉ាន់ថាពួកគេនឹងមិនមានអារម្មណ៍ថាមានសុវត្ថិភាពឡើយ បើសិនជាហ៊ានប្រឆាំងនឹងចិន ឬក៏មានបំណងចង់បានឯករាជ្យ ហើយសន្តិភាព ពេញលេញអាចនឹងកើតមានឡើង លុះត្រាតែតៃវ៉ាន់យល់ព្រមបង្រួបបង្រួមជាមួយចិនតែប៉ុណ្ណោះ។

លើសពីនេះទៅទៀត ចិននឹងបន្តជ្រោមជ្រែង «គោលនយោបាយប្រទេសមួយ ប្រព័ន្ធ២» ក៏ជាប្រើផងដែរនូវអំណាចសេដ្ឋកិច្ច, ពាណិជ្ជកម្មជាពិសេសគឺការទូតដើម្បី កាត់ផ្ដាច់តៃវ៉ាន់ចេញពីឆាកអន្តរជាតិ និងរារាំងមិនឱ្យដែនកោះមួយនេះក្លាយជាសមាជិកស្ថាប័នអន្តរជាតិ ដូចជាអង្គការសហប្រជាជាតិជាដើម។ នារយៈពេលប៉ុន្មានឆ្នាំ ចុងក្រោយនេះ ចិនបានទទួលជោគជ័យក្នុងការបញ្ចុះបញ្ចូល ប្រទេសដទៃកុំឱ្យទទួលស្គាល់តៃវ៉ាន់ ហើយឱ្យប្រទេស ឬរដ្ឋដែលមានទំនាក់ទំនងការទូតជាមួយតៃវ៉ាន់ ផ្ដាច់ទំនាក់ទំនងការទូតជាមួយទីក្រុងតៃប៉ិ។ ប្រទេសដែលបានផ្ដាច់ ទំនាក់ទំនងទូតជាមួយតៃវ៉ាន់ ស្រវាអោបចិនមានដូចជាសាធារណរដ្ឋដូមីនិច, ប៊ូគីណាហ្វាសូ, ប្រទេសដែនកោះសូឡូម៉ុន, ប្រទេសដែនកោះគីរីបាទី (Kiribati) ដែលធ្វើឱ្យ តៃវ៉ាន់នៅសល់សម្ព័ន្ធមិត្តតែជាង១៥ប្រទេសប៉ុណ្ណោះ ខណៈចិនមានប្រទេសច្រើនជាង ១៨០ឯណោះទទួលស្គាល់៕

ប្រភព៖ CNA, Diplomat (ថ្ងៃព្រហស្បតិ៍ ទី១៥ ខែមេសា ឆ្នាំ២០២១)