(តូក្យូ)៖ នៅឆ្នាំក្រោយនេះជប៉ុន និងអេមីរ៉ាត់អារ៉ាប់រួម គ្រោងចេញបេសកកម្មរួមគ្នាមួយ សំដៅទៅចុះចតនៅលើផ្ទៃរបស់ព្រះច័ន្ទ ដែលនឹងក្លាយជាលើកដំបូងសម្រាប់ប្រទេសអារ៉ាប់ និងជប៉ុនផ្ទាល់។ នេះបើតាមការចេញផ្សាយ ដោយវែបសាយព័ត៌មាន Space នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៥ ខែមេសា ឆ្នាំ២០២១។

នៅថ្ងៃពុធសប្តាហ៍នេះ ក្រុមហ៊ុនជប៉ុនអាយស្ពេស (ispace) បានប្រកាសថា យានរ៉ូបូតដែលអាចចល័តបានឈ្មោះ រ៉ាស៊ីដ (Rashid) របស់អេមីរ៉ាត់អារ៉ាប់រួម នឹងត្រូវដឹកយកទៅដល់លើផ្ទៃរបស់ព្រះច័ន្ទនៅឆ្នាំ២០២២ តាមរយៈយានសម្រាប់ចុះចតឈ្មោះ ហាគូតុ-អ័រ (HAKUTO-R) ដែលខ្លួនបានអភិវឌ្ឍឡើង។ យាន Rashid នឹងត្រូវបញ្ជូនទៅកាន់ ម្តុំតំបន់អេក្វាទ័រនៃចំហៀងផ្ទៃរបស់ព្រះច័ន្ទ ដែលបែរមករកផែនដី (far side) ខណៈទីតាំងចុះចតជាក់លាក់ នៅមិនទាន់ត្រូវបានប្រកាសឲ្យដឹងនៅឡើយទេ។

គួរបញ្ជាក់ថា បេសកកម្មខាងលើនឹងប្រើប្រាស់គ្រាប់រ៉ុក្កែត Falcon 9 របស់ក្រុមហ៊ុនអាមេរិក SpaceX ដើម្បីចាកចេញពីផ្ទៃផែនដី។ វានឹងជាបេសកកម្មចុះចតលើផ្ទៃព្រះច័ន្ទជាលើកដំបូង សម្រាប់ពិភពអារ៉ាប់ និងសម្រាប់ជប៉ុន។

មកទល់បច្ចុប្បន្ននេះ មានប្រទេស ០៣ប៉ុណ្ណោះ ហើយសុទ្ធតែជាមហាអំណាច ដែលបានទទួលជោគជ័យក្នុងការបញ្ជូនយាន ឲ្យចុះចតលើផ្ទៃព្រះច័ន្ទដោយសុវត្ថិភាព គឺសហរដ្ឋអាមេរិក អតីតសហភាពសូវៀត និងចិន។ ដោយឡែកប្រទេសចំនួនពីរទៀត ដែលទើបទទួលបរាជ័យ ក្នុងការចុះចតយាននៅលើផ្ទៃព្រះច័ន្ទ កាលពីពេលថ្មីនេះគឺឥណ្ឌា និងអ៊ីស្រាលអែល៕