(វ៉ាស៊ីនតោន)៖ វ៉ាក់សាំង COVID-19 នៃក្រុមហ៊ុន Johnson & Johnson នៅតែបន្តស្ថិតនៅក្នុងភាពមិនប្រាកដប្រជា មកទល់នឹងថ្ងៃពុធសប្ដាហ៍នេះ ខណៈគណៈកម្មាធិការសុខាភិបាលមួយ នៅសហរដ្ឋអាមេរិក ទាមទារទិន្នន័យបន្ថែមមុននឹងធ្វើការសម្រេចចិត្តថា តើត្រូវបន្តប្រើប្រាស់វ៉ាក់សាំងនេះតាមរបៀបណា ក្រោយមានសេចក្ដីរាយការណ៍ពីបញ្ហាកំណកឈាម (blood clot) ទៅលើអ្នកដែលបានចាក់វ៉ាក់សាំងប្រភេទ «ចាក់តែមួយដូស» នេះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៥ ខែមេសា ឆ្នាំ២០២១។

រដ្ឋបាលចំណីអាហារ និងឱសថអាមេរិក (FDA) កាលពីដើមសប្ដាហ៍កន្លងទៅ បានណែនាំឲ្យផ្អាកការប្រើប្រាស់វ៉ាក់សាំង Johnson & Johnson ដែលជាវ៉ាក់សាំងជាបណ្តោះអាសន្នសិន ដើម្បីស៊ើបអង្កេតលើរបាយការណ៍ អំពីបញ្ហាកំណកឈាមពាក់ព័ន្ធនឹងវ៉ាក់សាំងនេះ។ គណៈកម្មាធិការប្រឹក្សាយោបល់ នៃមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺឆ្លងអាមេរិក (CDC) បានសម្រេចចិត្តពន្យារពេល លើការបោះឆ្នោតក្នុងការបន្តប្រើប្រាស់វ៉ាក់សំាង Johnson & Johnson ដោយមិនបានបញ្ជាក់អ្វីលម្អិតនោះទេគ្រាន់តែនិយាយថា ពួកគេត្រូវការទិន្នន័យបន្ថែម មុននឹងធ្វើការសម្រេចចិត្ត។

ការសម្រេចចិត្តខាងលើនឹងពន្យារពេល លើការបោះឆ្នោតរយៈពេលមួយសប្ដាហ៍ ឬយូរជាងនេះ ដែលនេះកាន់តែធ្វើឱ្យវ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុន Johnson & Johnson ស្ថិតនៅក្នុងភាពមិនប្រាកដប្រជា។

គួរបញ្ជាក់ថា បើតាមរដ្ឋបាលចំណីអាហារ និងឱសថអាមេរិក បញ្ហាកំណកឈាមត្រូវបានរកឃើញលើស្ត្រីចំនួន ០៦នាក់ដែលមានអាយុក្រោម ៥០ឆ្នាំ បន្ទាប់ពីពួកគេបានចាក់វ៉ាក់សាំង Johnson & Johnson បានរយៈពេលចាប់ពី ៦-១៣ថ្ងៃ។ បញ្ហាកំណកឈាមទាំង ០៦ករណីនេះត្រូវបានរាយការណ៍ ក្រោយការចាក់វ៉ាក់សាំង Johnson & Johnson សម្រេចបានចំនួន ៧.២លានដូសទៅហើយនៅក្នុងសហរដ្ឋអាមេរិក៕