(រ៉ូម៉ានី)៖ ការដឹកជញ្ជូនវ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ក្រុមហ៊ុន Johnson & Johnson ចំនួន ០៦ម៉ឺនដូសបានទៅដល់ប្រទេសរ៉ូម៉ានីហើយ នៅថ្ងៃពុធនេះ។ ប៉ុន្តែគណៈកម្មាធិការចំពោះកិច្ចសម្រាប់ការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 បាននិយាយថា ខ្លួននឹងរង់ចាំលទ្ធផលស៊ើបអង្កេតរបស់ទីភ្នាក់ងារឱសថអឺរ៉ុប ស្តីពីហានិភ័យនៃបញ្ហាកំណកឈាមចេញមកសិន ទើបសម្រេចតាមក្រោយ ដូច្នេះវ៉ាក់សាំងទាំងនេះនឹងត្រូវរក្សាទុកនៅក្នុងឃ្លាំងជាបណ្តោះអាសន្ន។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃពុធ ទី១៤ ខែមេសា ឆ្នាំ២០២១។

កញ្ចប់នេះបានចូលមកដល់ប្រទេសរ៉ូម៉ានី តាមព្រំដែនដីគោកជាមួយប្រទេសហុងគ្រី មួយថ្ងៃបន្ទាប់ពីក្រុមហ៊ុនឱសថអាមេរិកមួយនេះបានប្រកាសផ្អាកការដាក់បញ្ចូលវ៉ាក់សាំងរបស់ខ្លួន ទៅក្នុងយុទ្ធនាការចាក់វ៉ាក់សាំងនៅសហភាពអឺរ៉ុប។

តាមរយៈកិច្ចព្រមព្រៀង ក្រុមហ៊ុន Johnson & Johnson បានប្តេជ្ញាផ្តល់វ៉ាក់សាំងចំនួន ៥៥លានទៅឲ្យសហភាពអឺរ៉ុបនៅចុងខែមិថុនា។ ការដឹកជញ្ជូនវ៉ាក់សាំងដំបូងគេ បានទៅដល់សហភាពអឺរ៉ុបកាលពីថ្ងៃចន្ទសប្តាហ៍នេះ។ ប៉ុន្តែចាប់តាំងពីពេលនោះមកក្រុមហ៊ុនអាមេរិកមួយនេះបានផ្អាកការដឹកជញ្ជូនបន្ថែមទៀត។

យោងតាមកិច្ចព្រមព្រៀងដំបូង ប្រទេសរ៉ូម៉ានីនឹងទទួលបានវ៉ាក់សាំងចំនួន ១០០,០០០ដូសទៀតក្នុងខែនេះ ហើយក្នុងខែឧសភាចំនួន ៥១៨,៤០០ដូស និង ១.៦លានដូសក្នុងខែមិថុនា។

គួរបញ្ជាក់ថា នៅសហរដ្ឋអាមេរិកមានករណីកំណកឈាមចំនួន ០៦ករណី ត្រូវបានគេរាយការណ៍ ក្នុងចំណោមប្រជាជនជាង ០៧លាននាក់ដែលបានទទួលការចាក់វ៉ាក់សាំងនេះ។

កាលពីថ្ងៃអង្គារសប្តាហ៍នេះ និយតករសហរដ្ឋអាមេរិកសម្រេចផ្អាកប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ក្រុមហ៊ុន Johnson & Johnson ជាបណ្តោះអាសន្ន ដោយសារព្រួយបារម្ភជុំវិញបញ្ហាកំណកឈាម៕