(ប៉េកាំង)៖ កាលពីឆ្នាំ១៩៦២ ក្នុងឱកាសរំលឹកខួបទី១០០ នៃចលនារំដោះទាសករស្បែកខ្មៅ លោក James Baldwin អ្នកនិពន្ធអាមេរិកដើមកំណើតអាហ្វ្រិក បានសរសេរសំបុត្រជាសាធារណៈទៅកាន់ក្មួយប្រុសរបស់លោកថា «ខ្ញុំចោទប្រកាន់ប្រទេស និងប្រជាជនរបស់ខ្ញុំពីបទឧក្រិដ្ឋស្តីពីការរើសអើងពូជសាសន៍ ពួកគេ បាននិងកំពុងបំផ្លាញអាយុជីវិតរបស់មនុស្សរាប់ម៉ឺននាក់ ពួកគេមិនដឹង ក៏មិនចង់ដឹងផងដែរ»។ ប៉ុន្តែប្រការដែលគួរឱ្យសោកស្តាយគឺក្នុងរយៈពេលជិត៦០ឆ្នាំ ក្រោយនាពេលបច្ចុប្បន្ន បទឧក្រិដ្ឋដែលលោក James Baldwin ចោទប្រកាន់នោះ នៅតែកើតឡើងក្នុងសង្គមអាមេរិកដដែល។

ពីជនជាតិដើមអាមេរិកមិនអាចទទួលបានសិទ្ធិស្មើគ្នា គិតរហូតដល់បច្ចុប្បន្នដល់លោក George Floyd ជនជាតិអាមេរិកដើមកំណើតអាហ្វ្រិកបានស្លាប់ដោយសារ ត្រូវប៉ូលិសស្បែកសអាមេរិកយកជង្គង់សង្កត់ ក រហូតដល់ជនជាតិអាមេរិកដើមកំណើតអាស៊ីរងការប្រមាថ និងការវាយប្រហារយ៉ាងខ្លាំងជាញឹកញាប់ក្នុងកន្លែង សាធារណៈ។ អ្វីៗទាំងអស់នេះបានបង្ហាញថាដំបៅចាស់មហារីកនៃការរើសអើងពូជសាសន៍នៅតែធ្វើឱ្យប៉ះពាល់ដល់សង្គមនៅសហរដ្ឋអាមេរិកជាបន្តបន្ទាប់។

យកស្ថានភាពបច្ចុប្បន្នរបស់ជនជាតិអាមេរិកដើមកំណើតអាស៊ី ជាឧទាហរណ៍។ យោងតាមរបាយការណ៍មួយដែលចេញផ្សាយដោយសកលវិទ្យាល័យ រដ្ឋកាលីហ្វ័រញ៉ាអាមេរិក បានបង្ហាញថានៅឆ្នាំ២០២០ សំណុំរឿងសរុបអំពីឧក្រិដ្ឋកម្មដោយសារការចងគំនុំនៃសហរដ្ឋអាមេរិកបានធ្លាក់ចុះ៧ភាគរយបើប្រៀបធៀបនឹងឆ្នាំ២០១៩ ប៉ុន្តែឧក្រិដ្ឋកម្មដោយសារការចងគំនុំចំពោះជនជាតិអាមេរិកដើមកំណើតអាស៊ីបែរជាកើនឡើង១៤៩ភាគរយទៅវិញ។

ការកើនឡើងយ៉ាងខ្លាំងនូវឧក្រិដ្ឋកម្មដោយសារការចងគំនុំ ចំពោះជនជាតិអាមេរិកដើមកំណើតអាស៊ី វាមានទំនាក់ទំនងដោយផ្ទាល់ទៅនឹងពាក្យសំដីអំពី «មេរោគចិន» និង «ផ្តាសាយក្បាច់គុនកុងហ្វូ» ដែលបានប្រើប្រាស់ដោយចេតនាដោយលោកត្រាំ អតីតប្រធានាធិបតីអាមេរិក។ ប៉ុន្តែបើមើលពីស្រទាប់កាន់តែស៊ីជម្រៅអាចឃើញថាប្រសិន បើគ្មានពូជសាសន៍និយមជាប្រព័ន្ធនិងលើវិស័យវប្បធម៌ ក្នុងរយៈពេលយូរដែលសំដៅចំពោះជនជាតិអាមេរិកដើមកំណើតអាស៊ី នោះទេ គ្រាន់តែសំអាងតាមពាក្យសម្តីពីរបីមាត់របស់លោកត្រាំគឺមិនអាចញុះញង់ឱ្យមានអារម្មណ៍ស្អប់ខ្ពើមក្នុងក្របខណ្ឌធំដល់កម្រិតប៉ុណ្ណឹងនោះឡើយ។

បើយកប្រព័ន្ធអប់រំជាឧទាហរណ៍ យោងតាមអ្វីដែលហៅថាសេចកី្តព្រាងច្បាប់ស្តីពីសិទ្ធិស្មើគ្នានៃអាមេរិក សកលវិទ្យាល័យរដ្ឋអាមេរិកអាចគិតពិចារណាពីកត្តា ពូជសាសន៍ នៅពេលជ្រើសរើសទទួលនិស្សិតជនជាតិភាគតិច រីឯនិស្សិតដើមកំណើតអាស៊ីវិញ ហាក់ដូចជាមិនស្ថិតក្នុងការគិតពិចារណាក្នុងបែបនេះនោះទេ ផ្ទុយទៅវិញបែរជាត្រូវបង្កើតស្តង់ដារកាន់តែខ្ពស់។

តាមពិតទៅ ជាអកុសលជនជាតិភាគតិចអាមេរិកទាំងអស់សុទ្ធតែ មិនអាចគេចវេះរួចពីការរើសអើងពូជសាសន៍ទេ។ នាពេលបច្ចុប្បន្ននេះ ចំនួនវ៉ាក់សាំងជំងឺកូវីដ ១៩ ដែលជនជាតិភាគតិចអាមេរិកទទួលបានគឺតិចជាងជនជាតិស្បែកសយ៉ាងច្រើន។ យោងតាមទិន្នន័យពីមូលនិធិគ្រួសារ Kaiser បានបង្ហាញថាគិតមកទល់ ថ្ងៃទី៦ ខែមេសា តាមម៉ោងក្នុងតំបន់ ក្នុងការស្ទង់មតិដែលស្ថាប័ននេះបានធ្វើក្នុងរដ្ឋចំនួន៤១របស់អាមេរិកមានជនជាតិស្បែកស ២៨ភាគរយយ៉ាងហោចណាស់ បានទទួលការចាក់វ៉ាក់សាំងមួយដូស។ តាមការផ្សាយដំណឹងរបស់ «កាសែត USA Today» កាលពីថ្ងៃទី១១ ខែមេសាបានឱ្យដឹងថាលោកស្រី Rochelle Walensky ប្រធានមជ្ឈមណ្ឌលបង្ការ និងគ្រប់គ្រងជំងឺនៃអាមេរិកបានថែ្លងថាបញ្ហាពូជសាសន៍និយមបានក្លាយជាការ «គំរាមកំហែងដល់សុខាភិបាលសាធារណៈ ដ៏ធ្ងន់ធ្ងរ»

បទឧក្រិដ្ឋរបស់អ្នកប្រកាន់ពូជសាសន៍និយម ក្នុងពាក្យសម្តីរបស់លោក James Baldwin ដែលថា «បាននិងកំពុងបំផ្លាញអាយុជីវិតរបស់មនុស្សរាប់ម៉ឺននាក់» នៅតែកើតឡើងជាបន្តបន្ទាប់។ អ្នកនយោបាយអាមេរិកមួយចំនួនតែងតែអួតអាងថាខ្លួនជា «ជនអភិរក្សសិទ្ធិមនុស្ស» បើមើលពីសំបកក្រៅពួកគេអះអាងថានឹងរក គ្រប់មធ្យោបាយដើម្បីដោះស្រាយបញ្ហារើសអើងពូជសាសន៍ ប៉ុន្តែដោយមកពីកត្តាដូចជានយោបាយក្នុងស្រុក ប្រពៃណីប្រវត្តិសាស្ត្រ និងមនោគមវិជ្ជាជាដើម តាមពិតទៅ ពួកគេគ្មានចេតនា ហើយក៏គ្មានសមត្ថភាពដោះស្រាយបញ្ហានេះទេ។ អ្នកផងទាំងពួងចង់សួរថាតើបំណងប្រាថ្នារបស់លោក Martin Luther King នឹងត្រូវសម្រេចបាននៅពេលណា? តើបញ្ហាពូជសាសន៍និយមដែលកើតចេញពីអាមេរិកអាចត្រូវបានដោះស្រាយទេឬ?