(ប៉េកាំង)៖ ទីភ្នាក់ងារអវកាសចិនទើបតែបញ្ចេញទិន្នន័យ នៃគំរូតាងរបស់ព្រះច័ន្ទ ដែលបានមកពីបេសកកម្ម ឆាងអឺ-៥ (Chang'e 5) ជាសាធារណៈ នៅលើបណ្តាញអ៉ីនធើណែត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានស៉ីនហួរ នៅរសៀលថ្ងៃពុធ ទី១៤ ខែមេសា ឆ្នាំ២០២១។

ទីភ្នាក់ងារអវកាសរបស់ចិន CNSA បានប្រកាសពីការចេញផ្សាយទិន្នន័យខាងលើ កាលពីថ្ងៃអង្គារសប្តាហ៍នេះ។ បើតាម CNSA ក្រុមអ្នកស្រាវជ្រាវទាំងឡាយ ក៏ដូចជាមហាជនទូទៅ អាចចូលមើលទិន្នន័យនៃគំរូតាងរបស់ព្រះច័ន្ទ ដែលបានមកពីបេសកកម្ម Chang'e 5 បានតាមរយៈវែបសាយ www.clep.org.cn ជាទីដែលពួកគេអាចធ្វើការស្នើសុំទិន្នន័យ ទៅតាមលក្ខខណ្ឌដែលបានកំណត់។

គួរបញ្ជាក់ថា បេសកកម្មរ៉ូបូត Chang'e 5 ដែលបានត្រឡប់មកដល់ផែនដីវិញ កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ ប្រមូលបានគំរូតាងសរុបទម្ងន់ ១,៧៣១ក្រាម (ដំបូងឡើយចិនគ្រោងយកឲ្យបាន ២,០០០ក្រាម) ដែលភាគច្រើនជាកម្ទេចថ្ម និងដីពីលើផ្ទៃព្រះច័ន្ទ។ ការបញ្ចេញទិន្នន័យខាងលើនេះ គឺស្របទៅនឹងការប្តេជ្ញារបស់ចិនតាំងពីដំបូង អំពីការចែករំលែកលទ្ធផលស្រាវជ្រាវរបស់ Chang'e 5 ជាសកល៕