(មូស្គូ)៖ រុស្ស៊ីនៅថ្ងៃអង្គារនេះបានហៅសហរដ្ឋអាមេរិកថា ជាសត្រូវនិងទាមទារឲ្យនាវាចម្បាំងរបស់អាមេរិក នៅឱ្យឆ្ងាយពីតំបន់គ្រីមៀដើម្បីជាប្រយោជន៍ផ្ទាល់ខ្លួនរបស់ពួកគេ ដោយហៅការដាក់ពង្រាយកងទ័ពរបស់ពួកគេនៅសមុទ្រខ្មៅថា ជាទង្វើបង្កហេតុដែលបានបង្កើតឡើងដើម្បីសាកល្បងសមត្ថិភាពរុស្ស៊ី។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន ٍReuters នៅថ្ងៃអង្គារ ទី១៣ ខែមេសា ឆ្នាំ២០២១។ 

ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ីបានដកស្រង់សម្តីអនុរដ្ឋមន្រ្តីក្រសួងការបរទេសរុស្ស៊ីលោក Sergei Ryabkov យ៉ាងដូច្នេះថា«សហរដ្ឋអាមេរិកជាសត្រូវរបស់យើង ហើយពួកគេធ្វើអ្វីៗគ្រប់យ៉ាង ដើម្បីបំផ្លាញជំហររបស់រុស្ស៊ីនៅលើឆាកអន្តរជាតិ»។

ក្នុងសុន្ទរកថាលោក Ryabkov បានលើកឡើងថា ប្រទេសរុស្ស៊ីនឹងប្រឆាំងដាច់ខាតចំពោះអ្វីដែលខ្លួនមើលឃើញថា ជាការជ្រៀតជ្រែករបស់សហរដ្ឋអាមេរិក ដែលមិនអាចទទួលយកបាននៅក្នុងទឹកដីកំណើតរបស់ខ្លួន។

លោក Ryabkov និយាយយ៉ាងដូច្នេះថា«យើងព្រមានដល់សហរដ្ឋអាមេរិកថា វាជាការល្អប្រសើរសម្រាប់ពួកគេដែលនៅឲ្យឆ្ងាយពីគ្រីមៀ និងឆ្នេរសមុទ្រខ្មៅរបស់យើង។ វានឹងមានប្រយោជន៍សម្រាប់ពួកគេ»

គួរបញ្ជាក់ថា ទីក្រុងមូស្គូបានលេបយកតំបន់គ្រីមៀពីប្រទេសអ៊ុយក្រែនក្នុងឆ្នាំ ២០១៤។ នាវាចម្បាំងអាមេរិកចំនួន ០២គ្រឿងនឹងមកដល់សមុទ្រខ្មៅនៅសប្តាហ៍នេះ ចំពេលមានការកើនឡើង នៃការប្រយុទ្ធគ្នានៅភាគខាងកើតប្រទសអ៊ុយក្រែន ខណៈដែលកងកម្លាំងរដ្ឋាភិបាលកំពុងប្រយុទ្ធជាមួយក្រុមបំបែកខ្លួន ដែលគាំទ្រដោយរុស្ស៊ីនៅក្នុងជម្លោះមួយ ដែលក្រុងកៀវនិយាយថា បានសម្លាប់មនុស្ស យ៉ាងណាស់ ១៤,០០០ នាក់៕