(វ៉ាស៉ីនតោន)៖ ទីភ្នាក់ងារអវកាសអាមេរិក NASA កាលពីថ្ងៃទីអាទិត្យ ទី១១ ខែមេសា បានប្រកាសថា ខ្លួនបានសម្រេចលើកពេលវេលានៃ ការហោះហើរសាកល្បងជាប្រវត្តិសាស្រ្ត នូវបច្ចេកកូនឧទ្ធម្ភាគចក្រឈ្មោះ Ingenuity លើផ្ទៃភពអង្គារ (Mars) ដែលនឹងមិនអាចកើតឡើងឆាប់ជាងថ្ងៃទី១៤ ខែមេសា ឡើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន ស៉ីនហួរ នៅថ្ងៃចន្ទ ទី១២ ខែមេសា ឆ្នាំ២០២១។

គម្រោងហោះហើររបស់កូនឧទ្ធម្គាគចក្រ Ingenuity ពីដំបូងឡើយ ត្រូវបានរំពឹងថា នឹងប្រព្រឹត្តទៅនៅយប់ថ្ងៃអាទិត្យ ទី១១ ខែមេសា។ NASA បានបញ្ជាក់ថា ទោះពេលវេលាហោះហើរ ត្រូវបានលើកក៏ដោយ ស្ថានភាពរបស់ Ingenuity គឺល្អធម្មតា និងគ្មានអ្វីគួរឲ្យបារម្ភនោះទេ ដោយគ្រាន់តែវាត្រូវការពេលត្រៀមរៀបចំលក្ខណៈបន្តិចថែមទៀត។

គួរបញ្ជាក់ថា កូនឧទ្ធម្ភាគចក្រ Ingenuity បានចុះទៅដល់លើផ្ទៃភពអង្គារ កាលពីថ្ងៃទី១៨ ខែកុម្ភៈ កន្លងទៅ ដោយភ្ជាប់ជាមួយយាន Rover ឈ្មោះ Perseverance របស់ NASA។ ការហោះហើររបស់វា នឹងបម្រើជាការធ្វើតេស្តបច្ចេកវិទ្យាមួយ ដែលអាចត្រួសត្រាយផ្លូវឆ្ពោះទៅរកការប្រកាន់យក មធ្យោបាយរុករកនិងស្រាវជ្រាវថ្មី នៅលើភពក្រហមនេះ៕