(ប៉េកាំង)៖ លោក Wang Qun ប្រេសិតពិសេសចិនប្រចាំនៅអង្គការសហប្រជាជាតិ (UN) និងអង្គការអន្តរជាតិដទៃទៀតនៅទីក្រុងវីយែនបាននិយាយនៅថ្ងៃសុក្រនេះថា ការសន្យារបស់សហរដ្ឋអាមេរិកស្តីពីការដកទណ្ឌកម្មជាឯកតោភាគីប្រឆាំងនឹងអ៊ីរ៉ង់ ត្រូវតែអនុវត្តជាបន្ទាន់។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃសុក្រ ទី០៩ ខែមេសា ឆ្នាំ២០២១។

លោក Wang បានប្រាប់ស៊ីនហួរបន្ទាប់ពីកិច្ចពិភាក្សាមួយ ស្តីអំពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់នៅថ្ងៃសុក្រនេះថា «ទាក់ទងនឹងទណ្ឌកម្មជាឯកតោភាគី ដែលបានដាក់ដោយសហរដ្ឋអាមេរិក (ប្រឆាំងនឹងអ៊ីរ៉ង់) ប្រទេសចិននិងភាគីពាក់ព័ន្ធ បានសម្តែងការព្រួយបារម្ភយ៉ាងច្បាស់នៅក្នុងកិច្ចប្រជុំ ហើយវាត្រូវតែត្រូវបានដកចេញជាបន្ទាន់»។

ប្រសិតពិសេសរូបនេះបានបន្ថែមថា បញ្ហាទណ្ឌកម្មទាំងនេះ គឺបណ្តាលមកពីការដាក់ទណ្ឌកម្មខុសច្បាប់របស់រដ្ឋាភិបាលអាមេរិក លើអង្គភាព និងបុគ្គលដែលអនុវត្តកិច្ចព្រមព្រៀងនុយក្លេអ៊ែរ JCPOA ។

លោកបានសង្កត់ធ្ងន់ថា ការដកទណ្ឌកម្មទាំងនេះមិនមែនគ្រាន់តែជាបញ្ហាទ្វេភាគីប៉ុណ្ណោះទេ ប៉ុន្តែក៏ជាទិដ្ឋភាពសំខាន់នៃការការពារ JCPOA ដែលជាលទ្ធផលនៃពហុភាគីនិយមផងដែរ។

គួរបញ្ជាក់ថា គណៈកម្មការចម្រុះ នៃផែនការសកម្មភាពរួមហៅកាត់ថា JCPOA) ដែលត្រូវបានគេស្គាល់ថា ជាកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ ត្រូវគេលើកមកពិភាក្សាម្តងទៀតនៅថ្ងៃសុក្រនេះ ខណៈដែលប្រធានបទការដកទណ្ឌកម្មចេញពីភាគីអ៊ីរ៉ង់ និងវិធានការអនុវត្តកិច្ចព្រមព្រៀងនេះ ជារបៀបវារៈកំពូលនៃកិច្ចប្រជុំ។

អតីតប្រធានាធិបតីអាមរិកលោក ដូណាល់ ត្រាំ បានដកសហរដ្ឋអាមេរិកចេញពី កិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៉ីរ៉ង់ កាលពីឆ្នាំ២០១៨ ដោយបានចោទថា ទីក្រុងតេហេរ៉ង់បានបំពាន និងមិនបានអនុវត្តតាមកិច្ចព្រមព្រៀងនេះ និងបានដាក់ទណ្ឌកម្មបន្ថែមលើប្រទេសមួយនេះ៕