(ហ្សាការតា)៖ អាជ្ញាធរប្រទេសឥណ្ឌូនេស៊ីនៅថ្ងៃព្រហស្បតិ៍ ទី០៨ ខែមេសានេះបានប្រកាសហាមឃាត់ការធ្វើដំណើរក្នុងប្រទេស ក្នុងអំឡុងពេលនៃការប្រារព្ធពិធី Eid al-Fitr នៅខែក្រោយ ដើម្បីព្យាយាមទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺ COVID-19។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។

ប្រទេសដែលមានប្រជាជនអ្នកកាន់សាសនាអ៊ីស្លាមច្រើនជាងគេបំផុតនៅលើពិភពលោក កំពុងត្រៀមចាប់ផ្តើមទទួលខែដ៏ពិសិដ្ឋ នៃបុណ្យរ៉ាម៉ាដាននាសប្តាហ៍ក្រោយនេះ ខណៈដែលប្រទេសនេះនៅតែរកឃើញអត្រាអ្នកឆ្លងប្រចាំថ្ងៃខ្ពស់បំផុតនៅអាស៊ី។

សេចក្តីសម្រេចនេះនឹងហាមឃាត់ការធ្វើដំណើរតាមផ្លូវសមុទ្រ ដីគោក ផ្លូវអាកាស និងផ្លូវដែកសម្រាប់ថ្ងៃឈប់សម្រាក ចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី១៧ ខែឧសភា បន្ថែមលើការហាមឃាត់ដែលបានប្រកាសកាលពីខែមុន ស្តីអំពីការហាមឃាត់ការធ្វើដំណើរទៅជួបជុំក្រុមគ្រួសារ ញ្ញាតិមិត្តក្នុងកំឡុងខែបួស«រ៉ម៉ាឌន»ដែលគេហៅស្គាល់ជាភាសាជាតិថា«mudik»។

អាជ្ញាធរបាននិយាយថា ថ្ងៃឈប់សម្រាកនាំឲ្យមានការកើនឡើងយ៉ាងខ្លាំង នៃចំនួនអ្នកស្លាប់និងឆ្លងថ្មីនៃជំងឺ COVID-19។ ដូច្នេះសន្តិសុខនៅតាមព្រំដែននឹងត្រូវបានរឹតបន្តឹង។ លើកលែងតែអ្នកការទូត អ្នកជាប់បេសកកម្មសំខាន់ៗដែលមានលិខិតស្នាមច្បាស់លាស់ពីថ្នាក់លើ ឬការធ្វើដំណើរទៅជួបសមាជិកគ្រួសារដែលឈឺធ្ងន់ជាដើម៕

គួរបញ្ជាក់ថា ប្រទេសឥណ្ឌូនេស៊ីដែលមានប្រជាជនសរុបប្រមាណ ២៧០លាននាក់ បានកត់ត្រាករណីឆ្លង COVID-19 សរុបជាង ១.៥លានករណី ក្នុងនោះស្លាប់ ៤២,២២៧នាក់ និងជាសះស្បើយជាង ១.៣លាននាក់៕