(អេលសាវ៉ាឌ័រ)៖ ប្រទេសអេលសាវ៉ាឌ័រ(El Salvador)បានប្រកាសថា ខ្លួនបានត្រៀមខ្លួនរួចជាស្រេចក្នុងការចែកចាយវ៉ាក់សាំងបន្ថែមទៀត ដែលជាផ្នែកមួយនៃយុទ្ធនាការចាក់វ៉ាក់សាំងថ្នាក់ជាតិរបស់ខ្លួន ដើម្បីប្រឆាំងនឹងជំងឺ COVID-19 បន្ទាប់ពីវ៉ាក់សាំងជាច្រើនដែលជាជំនួយរបស់ចិនបានមកដល់កាលពីថ្ងៃអង្គារសប្តាហ៍នេះ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មានស៊ីនហួរ នៅថ្ងៃព្រហស្បតិ៍ ទី០៨ ខែមេសា ឆ្នាំ២០២១។

បន្ទាប់ពីការមកដល់ នៃក់វ៉ាក់សាំង CoronaVac ដែលផលិតឡើងដោយក្រុមហ៊ុនឱសថចិន Sinovac ប្រធានាធិបតីអេលសាវ៉ាឌ័រលោក Nayib Bukele បានថ្លែងអំណរគុណដល់ប្រធានាធិបតីចិនលោក ស៊ី ជិនពីង និងប្រជាជនចិនតាមរយៈសារមួយដែលត្រូវបានផ្សព្វផ្សាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។

រដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក Francisco Alabi និងឯកអគ្គរដ្ឋទូតចិនប្រចាំទីក្រុង El Salvador លោក Ou Jianhong បានទទួលស្វាគមន៍អំណោយនេះ។ លោក Alabi បានថ្លែងអំណរគុណដល់រដ្ឋាភិបាលចិនដែលបានផ្គត់ផ្គង់វ៉ាក់សាំងរដល់ប្រទេសអាមេរិកកណ្តាលមួយនេះ សម្រាប់ការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតសកល ដោយនិយាយថាវ៉ាក់សាំងទាំងនេះតំណាងឱ្យក្តីសង្ឃឹម និងឱកាសដើម្បីការពារប្រជាជននៃប្រទេស El Salvador។

គួរបញ្ជាក់ថា រហូតមកទល់ពេលនេះ El Salvador បានកត់ត្រាករណីឆ្លងកូវីដ-១៩ សរុប ៦៥,៤៩១ករណី ក្នុងនោះស្លាប់ ២,០៣៧នាក់ និងជាសះស្បើយ ៦២,៣៤០នាក់៕