(ប៉េកាំង)៖ គណៈកម្មការសុខាភិបាលជាតិចិន (NHC) បានប្រកាសនៅថ្ងៃពុធនេះថា វ៉ាក់សាំងបង្ការ COVID-19 សរុបចំនួន ១៤៥.៣៩លានដូសហើយ ត្រូវបានចាក់ជូនដល់ប្រជាជនចិនទូទាំងប្រទេស គិតត្រឹមថ្ងៃអង្គារម្សិលមិញ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នារសៀលថ្ងៃពុធ ទី០៧ ខែមេសា ឆ្នាំ២០២១។

ក្រៅពីការចាក់វ៉ាក់សាំងជូនប្រជាជនបានកាន់តែច្រើនហើយ ប្រទេសចិនក៏បាននិងកំពុងបរិច្ចាគ ព្រមទាំងផ្គត់ផ្គង់វ៉ាក់សាំងបង្ការ COVID-19 ដែលបានខ្លួនបានអភិវឌ្ឍឡើង ក្នុងនោះមានដូចជាវ៉ាក់សាំង Sinopharm និង Sinovac ទៅដល់បណ្តាប្រទេស និងដែនដីយ៉ាងហោចណាស់ ៧០ រួចមកហើយដែរនៅលើពិភពលោក។ ដូច្នេះមានន័យថា ចិនបានក្លាយជាប្រទេស ដែលអាចចែកចាយវ៉ាក់សាំង បានច្រើនតំបន់ជាងគេបំផុតលើពិភពលោក។

បើតាមតារាងអំពីតួលេខអ្នកឆ្លង COVID-19 លើលោករបស់វែបសាយ worldometers ចិនបានធ្លាក់មកនៅលេខរៀងទី ៩២ ទៅហើយ ដោយមានចំនួនករណីឆ្លងសរុប ៩០,៣៤១ករណី ក្នុងនោះស្លាប់ ៤,៦៣៦នាក់ និងជាសះស្បើយឡើងវិញ ៨៥,៤៥៧នាក់។ គិតចាប់តាំងពីការធូរស្រាលឡើងវិញ ពីករណីឆ្លងរាតត្បាត COVID-19 កាលពីជិតពាក់កណ្តាលឆ្នាំ២០២០ ចិនបានគ្រប់គ្រងជំងឺនេះយ៉ាងល្អប្រសើរ ហើយអាចបង្ក្រាបបានសម្រេច នូវករណីផ្ទុះជាចង្កោមៗជាបន្តបន្ទាប់ រហូតមកដល់ខែមេសា ឆ្នាំ២០២១នេះ៕