(តៃប៉ិ)៖ រថភ្លើងមួយខ្សែបានក្រឡាច់ធ្លាក់ចេញពីលើផ្លូវ ក្នុងរូងក្រោមដីមួយកន្លែង នៅភាគខាងកើតតៃវ៉ាន់ នាថ្ងៃសុក្រនេះ ដោយមនុស្សយ៉ាងតិច០៤នាក់បានបាត់បង់ជីវិត ហើយជាង២០នាក់ទៀតបានរងរបួស។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី០២ ខែមេសា ឆ្នាំ២០២១។

អាជ្ញាធរតៃវ៉ាន់បានឲ្យដឹងថា រថភ្លើងខាងលើមានគោលដៅធ្វើដំណើរ ឆ្ពោះទៅកាន់ទីក្រុងថៃទុង (Taitung) ប៉ុន្តែបានធ្លាក់ចេញពីផ្លូវក្នុង រូងក្រោមដីមួយកន្លែងក្បែរទីក្រុងហ័រលៀន (Hualien) ដែលបណ្តាលឲ្យទូររថភ្លើងមួយចំនួន ខ្ទាតទៅបុកនឹងជញ្ជាំងរូងក្រោមដីនោះ។ ជាបឋមមនុស្ស០៤នាក់ ត្រូវគេជឿថាបានបាត់បង់ជីវិត និង២០នាក់ទៀត បានទទួលរងរបួសស្រាល ខណៈរថភ្លើងនោះដឹកមនុស្សសរុប ប្រហែល៣៥០នាក់។

គួរបញ្ជាក់ថា ប្រតិបត្តិការជួយសង្រ្គោះកំពុងតែប្រព្រឹត្តទៅ ដោយមនុស្សចន្លោះ៨០-១០០នាក់ គឺត្រូវបានជួយសង្រ្គោះបាន។ កាលពីឆ្នាំ ២០១៨ មនុស្សសរុប១៨នាក់បានស្លាប់ និង១៧៥នាក់បានរងរបួស នៅពេលរថភ្លើងមួយខ្សែបានក្រឡាច់ចេញពីផ្លូវ នៅភាគឦសាននៃកោះតៃវ៉ាន់ ដែលត្រូវចាត់ទុកជា គ្រោះថ្នាក់រថភ្លើងអាក្រក់បំផុតក្នុងរយៈពេល ០៣ទសវត្សរ៍ចុងក្រោយ សម្រាប់ដែនដីកោះនេះ៕