(ប៊ែរឡាំង)៖ អធិការបតីអាល្លឺម៉ង់ លោកស្រី អាន់ជែលឡា មឺគែល នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះបានទទូចឱ្យប្រជាជនអាល្លឺម៉ង់ស្នាក់នៅក្នុងផ្ទះកំឡុងពិធីបុណ្យ Easter និងកាត់បន្ថយការជួបជុំដើម្បីចូលរួមចំណែកទប់ស្កាត់រលកទី៣នៃ COVID-19 ខណៈរដ្ឋធានីប៊ែរឡាំងបានប្រកាសដាក់ចេញបម្រាមប្រមូលផ្ដុំ ឬជួបជុំ នៅពេលយប់ ដែលនឹងចូលជាធរមាននៅថ្ងៃសុក្រនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី០២ ខែមេសា ឆ្នាំ២០២១។

ថ្លែងនៅក្នុងសារវីដេអូមួយផ្ញើជូនប្រជាជនអាល្លឺម៉ង់ លោកស្រី មឺគែលបានសង្កត់ធ្ងន់ដូច្នេះថា៖ «វាគួរតែជាពិធីបុណ្យ Easter ដ៏ស្ងប់ស្ងាត់ជាមួយមនុស្សជិតស្និទ របស់អ្នកដោយកាត់បន្ថយការជួបជុំ។ ខ្ញុំសូមជំរុញឱ្យអ្នកទាំងអស់គ្នាចៀសវាងការធ្វើដំណើរចេញទៅក្រៅផ្ទះដែលមិនមានភាពចាំបាច់»។ លោកស្រីបន្ថែមថា «នេះគឺជាមធ្យោបាយតែមួយគត់ដែលអាចជួយដល់ក្រុមគ្រូពេទ្យ និងគិលានុបដ្ឋាក-បដ្ឋាយិការក្នុងការប្រយុទ្ធប្រឆាំងនឹង COVID-19»

គួរបញ្ជាក់ថា បើតាមគេហទំព័រ worldometer អាល្លឺម៉ង់គិតត្រឹមថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ មានអ្នកឆ្លង COVID-19 ចំនួន ២,៨៥៤,១៣៧នាក់ ក្នុងនោះស្លាប់ ៧៧,២៤៤នាក់ និងជាសះស្បើយឡើងវិញ ២,៥៣៥,០០០នាក់៕