(ប៉េកាំង)៖ រដ្ឋមន្រ្តីក្រសួងការបរទេសអ៊ូហ្គង់ដា(Uganda ) លោក Sam Kutesa បាននិយាយកាលពីថ្ងៃពុធសប្តាហ៍នេះថា គណបក្សកុម្មុយនីស្តចិន(CPC) បានធ្វើជាគំរូល្អដល់ពិភពលោក។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃព្រហស្បតិ៍ ទី០១ ខែមេសា ឆ្នាំ២០២១។

លោក Kutesa បានលើកឡើងថា CPC បានទទួលជោគជ័យក្នុងការលើកស្ទួយជីវភាពប្រជាជនរាប់លាននាក់ឲ្យចេញពីភាពក្រីក្រ ដោយបានពណ៌នាថា «វាជាគំរូដ៏ល្អសម្រាប់ការយកតម្រាប់តាម» ដោយបន្ថែមថា «ទំនាក់ទំនងល្អរវាងប្រទេសអ៊ូហ្គង់ដា ជាមួយនឹងចិន នឹងធ្វើឲ្យប្រទេសអាហ្វ្រិចមួយនេះ ក៏នឹងអាចលើកស្ទួយជីវភាពប្រជាជនរបស់ខ្លួន ចេញពីភាពក្រីក្រផងដែរ»

ការលើកឡើងបែបនេះ ធ្វើឡើងក្នុងពិធីប្រគល់អំណោយជារថយន្តស្ព័រចំនួន ៧០គ្រឿងពីប្រទេសចិន កាលពីថ្ងៃពុធសប្តាហ៍នេះ។

លោករដ្ឋមន្រ្តីបានមានប្រសាសន៍យ៉ាងដូច្នេះថា «យើងកោតសរសើរចំពោះទំនាក់ទំនងដែលយើងបានរក្សាជាមួយសាធារណរដ្ឋប្រជាមានិតចិន ចាប់តាំងពីឆ្នាំ ១៩៤៩ ។ ពួកគេបានចូលរួមក្នុងការតស៊ូរំដោះទ្វីបអាហ្វ្រិក ក្នុងសង្គ្រាមប្រឆាំងនឹងអាណានិគម ហើយឥឡូវនេះពួកគេគឺជាប្រទេសឈានមុខគេក្នុងការចូលរួមជួយសង្រ្គោះសេដ្ឋកិច្ចរបស់យើង»