(ម៉ានីល)៖ ក្រសួងសុខាភិបាលហ្វីលីពីន នៅថ្ងៃព្រហស្បតិ៍ ទី០១ ខែមេសា ឆ្នាំ២០២១នេះបានប្រកាសពីការរកឃើញអ្នកឆ្លង COVID-19 ៨,៩២០នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ និងស្លាប់ថ្មី៦នាក់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ។

បូកបញ្ចូលតួលេខថ្មីខាងលើធ្វើឱ្យចំនួនអ្នកឆ្លងទូទាំងប្រទេសកើនដល់ ៧៥៦,១៩៩នាក់ ក្នុងនោះស្លាប់កើនដល់ ១៣,៣០៣នាក់ និងជាសះស្បើយឡើងវិញ ៦០៣,៩៤៨នាក់។

គួរបញ្ជាក់ថា ហ្វីលីពីនដែលមានប្រជាជន ១១០លាននាក់បានធ្វើតេស្ដ COVID-19 លើមនុស្ស ៩.៥លាននាក់ ចាប់តាំងពីជំងឺដ៏កាចសាហាវនេះឆ្លងរាលដាលនៅក្នុងប្រទេស អាស៊ីអាគ្នេយ៍ ក្នុងខែមករា ឆ្នាំ២០២០មក។ ហ្វីលីពីន បានចាប់ផ្ដើមយុទ្ធនាការចាក់វ៉ាក់សាំងចាប់ពីថ្ងៃទី០១ ខែមីនា មួយថ្ងៃបន្ទាប់ពីទទួលបានវ៉ាក់សាំងរបស់ក្រុមហ៊ុនចិន Sinovac ដែលជាអំណោយរបស់ទីក្រុងប៉េកាំង៕